ហ្វីលីពីនអនុញ្ញាតឲ្យមានការបិទសាលាជាបណ្តោះអាសន្នដើម្បីការពារកូនសិស្សពីរលកកម្តៅ
- BY
- Pheakdey
- April 24, 2023
ហ្វីលីពីន៖ ហ្វីលីពីនបានចេញសេចក្តីសម្រេចអនុញ្ញាតឲ្យមានការបិទសាលារៀនជាបណ្តោះអាសន្នបានដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មួយកាលពីពេលថ្មីៗនេះ ខណៈកាលពីខែមុនអាកាសធាតុក្តៅក្នុងកម្រិតដូចគ្នានេះបានធ្វើឲ្យកូនសិស្សតូចៗចំនួន ៨៣ កើតមានបញ្ហាសុខភាពធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

បើតាមក្រសួងអប់រំហ្វីលីពីនបានបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីរក្សាសុវត្ថិភាពរបស់កូនសិស្សនិងគ្រូបង្រៀនពីការកើតមានបញ្ហាសុខភាពណាមួយ ដ្បិតនៅតាមសាលារៀនក្នុងទីជនបទមួយចំនួនពុំបានបំពាក់នូវឧបករណ៍អេឡិចត្រូនិចទំនើបៗសម្រាប់ទប់ទល់នឹងបញ្ហារលកកម្តៅនោះទេ។ យ៉ាងណាក្តី ក្រសួងអប់រំហ្វីលីពីនបានបញ្ជាក់ថា ការសម្រេចខាងលើនេះគឺមិនមែនសម្រាប់អនុវត្តជាទូទៅគ្រប់សាលារៀននោះទេ តែអាជ្ញាធរតំបន់អាចយកទៅអនុវត្តបានដោយអាស្រ័យទៅតាមកម្រិតសីតុណ្ហភាពជាក់ស្តែងនៅតាមតំបន់នីមួយៗ ដោយមានការជូនដំណឹងមកថ្នាក់លើមុនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






