គ្រូបង្រៀននៅហ្វីលីពីនសម្រេចនាំកូនសិស្សចេញពីថ្នាក់ទៅរៀននៅទីវាលក្រោមម្លប់ មានខ្យល់គ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាពសិស្សពីរលកកម្តៅ
- BY
- Pheakdey
- April 26, 2023
ហ្វីលីពីន៖ គ្រូបង្រៀនម្នាក់នៅក្នុងប្រទេសហ្វីលីពីនបានសម្រេចរៀបចំថ្នាក់រៀនរបស់គាត់នៅលើទីវាលមួយកន្លែងដែលមានម្លប់យ៉ាងត្រជាក់ ដើម្បីការពារសុវត្ថិភាពកូនសិស្សរបស់គាត់ពីបញ្ហារលកកម្តៅ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃពុធ ទី២៦ ខែមេសានេះបានបញ្ជាក់ថា ថ្នាក់រៀននៅតាមទីវាលមួយកន្លែងនេះត្រូវបានរៀបចំឡើងនៅក្នុងក្រុង Sariaya ភាគខាងលិចប្រទេសហ្វីលីពីន។

បើតាមលោកគ្រូ Joel Casungcad ដែលគ្រូបន្ទុកថ្នាក់ខាងលើនេះបានបញ្ជាក់ថា តាមធម្មតាថ្នាក់រៀនរបស់គាត់គឺត្រូវរៀបចំឡើងនៅក្នុងវិទ្យាល័យ Lutucan Integration National High School តែដោយសារបញ្ហាអាកាសធាតុឡើងក្តៅខ្លាំងពេក គាត់ក៏សម្រេចនាំកូនសិស្សទៅរៀននៅវាលដែលមានម្លប់ និងខ្យល់គ្រប់គ្រាន់នេះតែម្តង។ លោកគ្រូរូបនេះបានបន្តថា នៅចំពោះមុខបញ្ហាអាកាសធាតុមិនអំណោយផលនេះគឺរូបគាត់មានជម្រើស ២ដើម្បីការពារកូនសិស្សពីការកើតមានបញ្ហាសុខភាពផ្សេងៗ ដោយទី ១គឺរូបគាត់អាចបិទថ្នាក់រៀនជាបណ្តោះអាសន្ន តែជម្រើសនេះអាចប៉ះពាល់ដល់ការសិក្សារបស់កូនសិស្ស។ ដូចនេះគាត់ក៏បានជ្រើសរើសយកជម្រើសទី ២គឺនាំកូនសិស្សរបស់គាត់ទៅរៀននៅទីតាំងខាងលើនេះតែម្តង។ គួរបញ្ជាក់ជូនថា សីតុណ្ហភាពជាមធ្យមនៅហ្វីលីពីនបានកើនឡើងដល់ ៣៧អង្សាសេ ខណៈក្រសួងអប់រំហ្វីលីពីនបានសម្រេចបិទសាលារៀនអស់ចំនួន ១៥០កន្លែងហើយ ដើម្បីរក្សាសុវត្ថិភាពកូនសិស្សពីបញ្ហារកកម្តៅ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






