ថៃប្រាប់ឲ្យក្រុមកីឡាករខ្លួនសុំកុំយកបញ្ហាកីឡា និងនយោបាយមកលាយបញ្ចូលគ្នា ពេលមកប្រកួត SEA Games 2023 នៅកម្ពុជា
- BY
- Pheakdey
- April 27, 2023
ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រាប់ទៅកាន់ក្រុមកីឡាករថៃដែលត្រូវមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា SEA Games 2023 នៅក្នុងប្រទេសកម្ពុជាថា ត្រូវនៅឲ្យឆ្ងាយពីបញ្ហានយោបាយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសានេះ។ ការណែនាំនេះត្រូវបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាងជាមួយក្រុមកីឡាករនិងមន្ត្រីថៃមួយចំនួនដែលត្រូវមានភារកិច្ចមកចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games 2023 ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា។

នៅក្នុងពិធីសំណេះសំណាលដែលត្រូវបានរៀបចំឡើងនៅឯវិមានរដ្ឋាភិបាលថៃនោះលោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ច្បាស់ៗថា សុំកុំយកបញ្ហាកីឡានិងនយោបាយមកលាយបញ្ចូលគ្នា ខណៈលោក ប្រាយុទ្ធ ចាន់អូចា ក៏បានជូនពរឲ្យក្រុមកីឡាករថៃទទួលបានជ័យជំនះគ្រប់ៗគ្នាផងដែរ។ គួររម្លឹកជូនថា មុនពេលព្រឹត្តិការណ៍កីឡា SEA Games 2023 ចូលមកដល់ ភាគីខ្មែរនិងភាគីថៃបានកើតមានរឿងចម្រូងចម្រាសមួយជាមួយគ្នាជុំវិញវិញ្ញាសាកីឡាគុនខ្មែរ ដោយភាគីថៃចង់ឲ្យប្រើឈ្មោះ មួយថៃ ជំនួសវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






