អន្តរជាតិ

លោក Jack Ma សម្រេចទទួលយកតួនាទីជា “Visiting Professor” ក្នុងសាកលវិទ្យាល័យមួយនៅប្រទេសជប៉ុន

BY
Pheakdey
May 2, 2023

ចិន៖ លោកមហាសេដ្ឋីចិន Jack Ma បានសម្រេចទទួលយកតួនាទីជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យក្នុងប្រទេសជប៉ុនមួយបន្ថែមទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២ ខែឧសភានេះ។ សាកលវិទ្យាល័យក្នុងប្រទេសជប៉ុនដែលលោក Jack Ma នឹងចូលរួមជាមួយនោះគឺសាកលវិទ្យាល័យ University of Tokyo ខណៈដំណែងដែលរូបគាត់បានទទួលនោះគឺ “Visiting Professor” ឬមានន័យថា សាស្ត្រាចារ្យដែលត្រូវទៅបំពេញការងារក្នុងរយៈខ្លី អាចត្រឹមកន្លះឆ្នាំ ឬមួយឆ្នាំសិក្សា។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺលោកមហាសេដ្ឋីវ័យ ៥៨ឆ្នាំរូបនេះត្រូវធ្វើការងារសំខាន់ៗមួយចំនួននៅក្នុងសាកលវិទ្យាល័យ University of Tokyo ដូចជា ចែករំលែកបទពិសោធន៍ក្នុងវិស័យធុរកិច្ច សាជីវកម្ម គ្រប់គ្រង និងការច្នៃប្រឌិត ទៅកាន់ក្រុមនិសិ្សតនិងបុគ្គលិកសាកលវិទ្យាល័យ ចូលរួមធ្វើការស្រាវស្រាវនិងបង្កើតគម្រោងថ្មីៗក្នុងវិស័យកសិកម្មនិងការផលិតស្បៀងអាហារប្រកបដោយចេរភាព។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះលោក Jack Ma ក៏បានសម្រេចទទួលយកតួនាទីជាសាស្រ្តាចារ្យកិត្តិយសនៅក្នុងសាកលវិទ្យាល័យហុងកុងក្នុងរយៈពេល ៣ឆ្នាំផងដែរ ពោលគឺកិច្ចសន្យាការងាររបស់គាត់នឹងត្រូវបញ្ចប់នៅក្នុងខែមីនា ឆ្នាំ ២០២៦៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: