អន្តរជាតិ

សិង្ហបុរីផ្តន្ទាទោសបុរសជនជាតិចិន ៣នាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ១០ខែ​ ក្រោយពួកគេបានយកជ័រកាវមកបិទនៅបាតដៃដើម្បីបន្លំលួចយកកាក់នៅក្នុងកាស៊ីណូ

BY
Pheakdey
May 3, 2023

សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីសម្រេចផ្តន្ទាទោសបុរសជនជាតិចិន ៣នាក់ឲ្យជាប់ពន្ធនាគាររហូតដល់ ១០ខែ ក្រោយពួកគេបានធ្វើសកម្មភាពលួចយកកាក់នៅក្នុងកាស៊ីណូក្នុងតំបន់កំសាន្ត Marina Bay Sands និង​ Resorts World Sentosa នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time កាលពីយប់ថ្ងៃអង្គារ ទី ២ ខែឧសភានេះ។ បុរសទាំង ៣នាក់នោះគឺជាមិត្តភក្តិនឹងគ្នា ដែលបានធ្វើដំណើរចេញពីប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរីក្នុងគោលបំណងដើរកំសាន្ត តែពួកគេបានរៀបគម្រោងសម្រាប់ធ្វើសកម្មភាពលួចយកកាក់ទាំងនេះរួចជាស្រេចតាំងពីមុនពេលបានទៅដល់ទឹកដីសិង្ហបុរីម្ល៉េះ។

ប្រភពខាងលើបានបន្តថា ក្រុមជនខិលខូចបានយកជ័រកាវថ្លាមួយប្រភេទ មកលាបនៅបាតដៃនិងម្រាមដៃរបស់ពួកគេដើម្បីបន្លំយកកាក់ដែលគេទុកប្រើប្រាស់សម្រាប់ធ្វើការភ្នាល់នៅក្នុងកាស៊ីណូ ហើយគិតត្រឹមពេលចាប់ខ្លួនពួកគេនោះគឺពួកគេបានលួចយកកាក់អស់ជាច្រើនប្រភេទដែលមានតម្លៃសរុប ១,៥៧៥ ដុល្លារ។ គួរបញ្ជាក់ជូនថា បុរសជនជាតិចិនទាំង ៣រូបនោះរួមមានលោក Jiang Renjing អាយុ ៥៥ឆ្នាំត្រូវជាប់ពន្ធនាគាររយៈពេល ៧ខែ ខណៈ ២រូបទៀតគឺលោក Huang Chunsheng អាយុ ៥០ឆ្នាំ និងលោក Zheng Jiansheng អាយុ ៦៤ឆ្នាំ ដែលពួកគាត់ម្នាក់ៗត្រូវជាប់ពន្ធនាគាររហូតដល់ ១០ខែ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: