អន្តរជាតិ

បុរសម្នាក់អាចរកប្រាក់ចំណូលបាន ១,៥០០ដុល្លារក្នុងមួយថ្ងៃពីមុខរបរជាអ្នកមុជទឹកស្វែងរកវត្ថុដែលធ្លាក់ទៅក្នុងទឹកបឹង

BY
Pheakdey
May 5, 2023

ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានគេកត់សម្គាល់ថា អាចរកប្រាក់ចំណូលបានរហូតដល់ ១,៥០០ដុល្លារក្នុងមួយថ្ងៃពីមុខរបរដ៏ថ្មីស្រឡាងមួយប្រភេទ គឺមុជក្នុងទឹកដើម្បីស្វែងរកទូរស័ព្ទ ឬកាមេរ៉ា ដែលបានធ្លាក់ចូលទៅក្នុងទឹកបឹង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី ៥ ខែឧសភានេះបានឲ្យដឹងថា មុខរបរដ៏កម្រនេះត្រូវបានគេប្រទះឃើញនៅឯតំបន់បឹងកំសាន្ត West Lake ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ភាគខាងត្បូងប្រទេសចិន។

ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យជាតិជាច្រើនថ្ងៃនៅដើមខែឧសភានេះ តំបន់កំសាន្តបែបធម្មជាតិខាងលើនេះអាចទទួលបានភ្ញៀវទេសចររាប់លានក្នុងមួយថ្ងៃៗ ខណៈភ្ញៀវទេសចរមួយចំនួនតែងមានការធ្វេសប្រហែសធ្វើឲ្យធ្លាក់ទូរស័ព្ទ ឬកាមេរ៉ាចូលទៅក្នុងទឹកបឹងនៅពេលដែលពួកគាត់កំពុងព្យាយាមថតរូបទុកជាអនុស្សាវរីយ៍។ នៅចំពោះមុខស្ថានភាពអំណោយផលនេះ លោក Huang Yiyong អាយុ ៤០ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងតំបន់កំសាន្តនោះស្រាប់ក៏មានគំនិតបង្កើតមុខរបរថ្មីមួយគឺធ្វើជាអ្នកមុជទឹកស្វែងរកវត្ថុដែលបានធ្លាក់ចូលទៅក្នុងបឹង។

លោក Huang Yiyong បានប្រាប់ឲ្យដឹងថា តម្លៃនៃការមុជទឹកដើម្បីស្វែងរកវត្ថុមួយគឺ ១,៥០០​ យន់ (២១៧ ដុល្លារ) ដោយជាមធ្យមគាត់ត្រូវចំណាយពេលប្រមាណជា ២០នាទី។ ដោយឡែកចំពោះវត្ថុដែលពិបាកស្វែងរក ពោលគឺគាត់ត្រូវចំណាយពេលយូរជាងនេះគាត់អាចគិតថ្លៃសេវាចន្លោះពី ១,៨០០-២,០០០ យន់ (២៦០-២៩០ ដុល្លារ) ខណៈបើគាត់បានមុជទឹកហើយតែរករបស់ដែលបាត់នោះមិនឃើញគឺគាត់អាចគិតថ្លៃសេវាបានត្រឹមតែ ៧០០ យន់ (១០១ ដុល្លារ) ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖  South China Morning Post

Share This Post: