អន្តរជាតិ

ក្រុមហ៊ុនផលិតសម្ភារសម្រាប់ទារកនៅប្រទេសចិនកំពុងធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តនៃការលក់ ក្រោយអាត្រាកំណើតនៅទូទាំងប្រទេសបន្តធ្លាក់ចុះ

BY
Pheakdey
May 11, 2023

ចិន៖ ក្រុមហ៊ុនផលិតសម្ភារសម្រាប់ទារកនិងកុមារជាច្រើននៅក្នុងប្រទេសចិនកំពុងធ្វើការកែសម្រួលយុទ្ធសាស្រ្តក្នុងការលក់របស់ពួកគេហើយ ក្រោយចំនួនពលរដ្ឋចិនបន្តធ្លាក់ចុះយ៉ាងច្រើនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភានេះបានឲ្យដឹងថា ក្រោយចំនួនពលរដ្ឋកើតថ្មីនៅទូទាំងប្រទេសចិនបានធ្លាក់ចុះ ទីផ្សារនៃការលក់សម្ភារទារកនិងកុមារក្នុងប្រទេសចិនក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរនាពេលបច្ចុប្បន្ននេះ។

ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែងនេះ ក្រុមហ៊ុនផលិតសម្ភារសម្រាប់ទារកនិងកុមារជាច្រើននៅក្នុងប្រទេសចិនកំពុងសម្លឹងរកការផលិតសម្ភារប្រើប្រាស់ទូទៅសម្រាប់មនុស្សពេញវ័យវិញម្តង និងកំពុងព្យាយាមពង្រីកទីផ្សារលក់សម្ភារសម្រាប់ទារកនិងកុមារនៅក្រៅប្រទេសផងដែរ។ គួរកត់សម្គាល់ថា យោងតាមការព្យាករណ៍បានបង្ហាញថា ចំនួនពលរដ្ឋចិននឹងបន្តធ្លាក់ចុះយ៉ាងគំហុកនៅពេលអនាគត ហើយគិតត្រឹមពេលបច្ចុប្បន្ននេះគឺចិនមានពលរដ្ឋសរុបចំនួន ១,៤២ ពាន់លាននាក់ ខណៈកាលពីខែមុននេះឥណ្ឌាបានវ៉ាដាច់ប្រទេសចិនក្លាយជាប្រទេសដែលមានចំនួនពលរដ្ឋច្រើនគេបំផុតនៅលើពិភពលោកហើយជាមួយនឹងចំនួនចំនួនពលរដ្ឋជាង ១,៤៣ពាន់លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: