ចិនបញ្ជាឲ្យ Tesla ប្រមូលយករថយន្តមួយចំនួនមានតម្លៃសរុបជាង ១លានដុល្លារត្រលប់ទៅវិញក្រោយរកឃើញថា រថយន្តទាំងនោះមានបញ្ហាប្រព័ន្ធហ្វ្រាំង
- BY
- Pheakdey
- May 13, 2023
ចិន៖ អាជ្ញាធរចិនបានបញ្ជាឲ្យក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅលើពិភពលោកត្រូវប្រមូលយកយន្តរថយន្តមួយចំនួនរបស់ខ្លួនត្រលប់ទៅវិញក្រោយអាជ្ញាធរចិនបានរកឃើញថា រថយន្តមួយចំនួនមានបញ្ហាលើប្រព័ន្ធបង្កើនល្បឿន និងប្រព័ន្ធហ្វ្រាំង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភានេះបានឲ្យដឹងថា រថយន្តដែលអាជ្ញាធរចិនបញ្ជាឲ្យក្រុមហ៊ុន Tesla ប្រមូលយកទៅវិញនោះមានតម្លៃសរុបប្រមាណជា ១,១ លានដុល្លារឯណោះ។

ប្រភពខាងលើបានបន្តថា រថយន្តមួយចំនួនដែលកំពុងមានបញ្ហានិងត្រូវបញ្ជូនទៅកាន់ក្រុមហ៊ុនដើមវិញនោះមានដូចជារថយន្តស៊េរី Model S, Model X និង Model 3 ដែលចិនបាននាំចូលមកពីក្រៅប្រទេស ហើយក៏មានរថយន្តមួយចំនួនដែលបានផលិតនៅក្នុងប្រទេសចិនផ្ទាល់ផងដែរ ដូចជារថយន្តស៊េរី Model 3 និង Model Y។ បើតាមអាជ្ញាធរទទួលបន្ទុកត្រួតពិនិត្យផ្នែកសុវត្ថិភាពយានយន្តចិនបានបញ្ជាក់ថា រថយន្តដែលកំពុងមានបញ្ហាទាំងអស់នេះគឺជាប្រភេទរថយន្តដែលបានផលិតនៅក្នុងចន្លោះពេលចាប់ពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣នេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






