អន្តរជាតិ

អាជ្ញាធរបារាំងឃាត់ខ្លួនមនុស្ស ២៧នាក់ជុំវិញករណីជួញដូរដោយខុសច្បាប់នូវអន្ទង់កម្រមួយប្រភេទដែលមានតម្លៃជាង ៥ពាន់ដុល្លារក្នុងមួយគីឡូក្រាម

BY
Pheakdey
May 13, 2023

បារាំង៖ អាជ្ញាធរបារាំងបានឃាត់ខ្លួនមនុស្សចំនួន ២៧នាក់ជុំវិញករណីជួញដូរអន្ទង់ខុសច្បាប់ និងរឹបអូសបានអន្ទង់ស្រស់ចំនួន ២៥៤គីឡូក្រាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី១៣ ខែឧសភា។ ការឃាត់ខ្លួនជនល្មើសទាំងនេះត្រូវបានធ្វើឡើងក្នុងប្រតិបត្តិការណ៍ពិសេសមួយដែលមានឈ្មោះថា Operation Lake ពោលគឺជាសំណុំរឿងជួញដូរសត្វអន្ទង់ខុសច្បាប់ទ្រង់ទ្រាយធំ ដែលបានកើតឡើងចាប់តាំងពីឆ្នាំ ២០២១ រហូតមកដល់ឆ្នាំ ២០២៣នេះ។

បើតាមអាជ្ញាធរបារាំងបានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានអន្ទង់ប្រមាណជា ៤តោនត្រូវបានជួញដូរដោយខុសច្បាប់ ខណៈបទល្មើសដ៏កម្រមួយនេះមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ១,១៩ លានអឺរ៉ូ (ជាង ១,៣លានដុល្លារ) ឯណោះ។ សូមបញ្ជាក់ជូនថា អន្ទង់ដែលក្រុមជនល្មើសបានជួញដូរខាងលើនេះគឺជាប្រភេទអន្ទង់អឺរ៉ុបដែលជិតផុតពូជ ហើយតាមតម្លៃទីផ្សារនាពេលបច្ចុប្បន្នគឺអន្ទង់ប្រភេទនេះមានតម្លៃ ៥,០០០ ​អឺរ៉ូ (៥,៤៦៩ ដុល្លារ) ក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: