អន្តរជាតិ

សង្ឃថៃ ៧អង្គ​ត្រូវចាប់ខ្លួនជុំវិញករណីលួចលុយវត្តជិត ៩លានដុល្លារ

BY
Pheakdey
May 13, 2023

ថៃ៖ អាជ្ញាធរថៃបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ពាក់ព័ន្ធនឹងករណីកិបកេងប្រាក់សម្រាប់សាងសង់វត្តដ៏ច្រើនសម្បើមមួយ ពោលគឺ​មានទំហំទឹកប្រាក់ជាង ៣០០លានបាត (៨,៨៧លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភានេះ។ ប្រាក់ទាំអស់នោះគឺជាប្រាក់របស់ក្រុមសប្បុរសជន ដែលបានបរិច្ចាគសម្រាប់សាងសងព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តមួយកន្លែងនៅខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃ។

ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងចំណោមជនល្មើសទាំង ៩នាក់នោះ គឺមានជនល្មើសចំនួន ៧នាក់ជាព្រះសង្ឃ ខណៈ ២នាក់ផ្សេងទៀត គឺជាអាចារ្យ និងប្អូនស្រីបង្កើតរបស់ព្រះសង្ឃមួយអង្គ។ បើតាមអាជ្ញាធរថៃបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍បង្រ្កាបករណីកិបកេងលុយសប្បុរសជនដ៏ច្រើននេះ​​ គឺដំបូងឡើយប៉ូលិសអាចឃាត់ខ្លួនជនល្មើសបានត្រឹមតែ ៣រូបប៉ុណ្ណោះ ដោយក្នុងនោះរួមមាន ព្រះសង្ឃព្រះនាម  Kom Kongkaew និងលោកអាចារ្យវត្ត Wat Pa Thammakhiri ឈ្មោះ Wutthima Thaomor ដែលបានរួមគំនិតលួចលុយវត្តជាង ១៨០លានបាត (៥,៣លានដុល្លារ) ខណៈម្នាក់ទៀតគឺប្អូនស្រីបង្កើតរបស់ព្រះសង្ឃ Kom Kongkaew ដែលស្រ្តីរូបនេះគឺជាទទួលយកលុយទាំងអស់នោះទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់គាត់។ ក្រោយឃាត់ខ្លួនមនុស្សទាំង ៣នាក់ខាងលើនេះរួចហើយ ប៉ូលិសថៃបានធ្វើការសាកសួរនិងបន្តការស៊ើបអង្កេតរហូតរកឃើញក្រុមជនល្មើសជាព្រះសង្ឃចំនួន ៦អង្គផ្សេងទៀត ហើយគិតត្រឹមពេលអាជ្ញាធរថៃកំពុងរៀបចំបញ្ជូនក្រុមជនល្មើសទាំងអស់នេះទៅកាន់តុលាការដើម្បីទទួលទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: