គណបក្សប្រឆាំងនៅថៃទទួលបានសំឡេងគាំទ្រភាគច្រើនសម្រាប់ឈ្នះការបោះឆ្នោតជាតិ ខណៈការរាប់សន្លឹកឆ្នោតផ្លូវការជិតបិទបញ្ចប់
- BY
- Pheakdey
- May 15, 2023
ថៃ៖ គណបក្សប្រឆាំងនៅក្នុងប្រទេសថៃគឺគណបក្សភឿថៃ (Pheu Thai) ត្រូវបានគេរំពឹងថា នឹងឈ្នះការបោះឆ្នោតថ្នាក់ជាតិ ដែលបានរៀបចំឡើងកាលពីថ្ងៃអាទិត្យ ទី ១៤ ខែឧសភាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភានេះ។ ការរំពឹងទុកនេះត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលរាប់សន្លឹកឆ្នោតបឋមដែលបានបង្ហាញថា គណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយនេះទទួលបានសំឡេងគាំទ្រភាគច្រើនសម្រាប់ឈ្នះការបោះឆ្នោតរួចទៅហើយ ខណៈដំណើរការនៃការរាប់សន្លឹកឆ្នោតផ្លូវការក៏ត្រូវធ្វើឡើងស្ទើរតែ ៩៩%ទៅហើយ។

យ៉ាងណាក្តី សម្រាប់ក្រុមអ្នកឃ្លាំមើលស្ថានភាពនយោបាយនៅក្នុងប្រទេសថៃបានលើកឡើងថា ក្រោយពេលឈ្នះឆ្នោតគណបក្សភឿថៃអាចប្រឈមនឹងបញ្ហាដ៏ធំមួយគឺការបង្កើតរដ្ឋាភិបាល និងជ្រើសរើសនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ជូនថា ក្នុងការឈ្នះឆ្នោតនេះគឺមានន័យថា គណបក្សភឿថៃកំពុងប្រជែងយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលយោធា ដែលបានដឹកនាំប្រទេសថៃចាប់តាំងពីឆ្នាំ ២០១៤មក។ ក្នុងអំឡុងពេលនៃការកាន់អំណាចជិត ១០ឆ្នាំនេះ របបដឹកនាំយោធាបានបង្កើតច្បាប់គន្លឺះសំខាន់ៗជាច្រើនដូចជា ដើម្បីបង្កើតរដ្ឋាភិបាលបានគឺគណបក្សឈ្នះឆ្នោតត្រូវមានការគាំទ្រពីស្ថាប័នមួយចំនួនក្នុងនោះមានទាំងស្ថាប័នព្រឹទ្ធសភាផងដែរ ខណៈសមាជិកព្រឹទ្ធសភាត្រូវបានតែងតាំងដោយក្រុមយោធា៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






