PR

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF Korea ផ្តល់ភាព ងាយស្រួលសម្រាប់ពលរដ្ឋកម្ពុជានៅកូរ៉េផ្ញើលុយមកស្រុកកំណើត

BY
Liny Chan
May 16, 2023

ធនាគារ វីង និងក្រុមហ៊ុន JRF Korea សហការគ្នាដើម្បីជួយសម្រួលទៅដល់ពលរដ្ឋកម្ពុជាកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ក្នុងការផ្ញើប្រាក់ត្រលប់មកស្រុកកំណើត ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព
 
ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះបានប្រកាសពីភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Japan Remit Finance Co., Ltd. (Korea) ដែលជាក្រុមហ៊ុនរីករលូតលាស់យ៉ាងឆាប់រហ័សមួយក្នុងវិស័យបច្ចេកវិទ្យាវិស័យហិរញ្ញវត្ថុនៅកូរ៉េខាងត្បូង។ កិច្ចសហការនេះនឹងផ្តល់ឲ្យប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនូវជម្រើសកាន់តែច្រើនជាមួយនឹងសេវាកម្មផ្ទេរប្រាក់ដែលងាយស្រួលប្រើប្រាស់ និងសុវត្ថិភាព។

ធនាគារ វីង និងក្រុមហ៊ុន JRF Korea បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ នៅឯការិយាល័យរបស់ក្រុមហ៊ុន JRF Korea ស្ថិតនៅទីក្រុងសេអ៊ូល រដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូង។ ពិធីចុះ MoU នេះ ត្រូវបានចុះហត្ថលេខាដោយលោក ឈុន វឌ្ឍនៈភក្តី អគ្គនាយករងធនាគារ វីង និងលោក Philip (Seong-Hwan) Park, ប្រធានប្រតិបត្តិក្រុមហ៊ុន JRF Korea ព្រមទាំងវត្តមានភ្ញៀវកិត្តិយស និងគណៈគ្រប់គ្រងក្រុមហ៊ុនទាំងពីរចូលរួមអបអរ និងជាសក្ខីភាពនៃពិធីចុះហត្ថលេខានេះផងដែរ។

លោក ឈុន វឌ្ឍនៈភក្តី ថ្លែងថា៖ “ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន JRF Korea មិនត្រឹមតែជាការផ្តល់សេវាផ្ទេរប្រាក់ប៉ុណ្ណោះឡើយ ពោលគឺជាសកម្មភាពជួយសម្រួល នឹងផ្តល់ផលវិជ្ជមានចំពោះ ពលរដ្ឋកម្ពុជា ដែលកំពុងខិតខំប្រកបការងារនៅកូរ៉េ ខាងត្បូង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសាររបស់ពួកគេនៅឯស្រុកកំណើត”។

លោក ឈុន វឌ្ឍនៈភក្តី បានបន្ថែមថា៖ “យើងប្តេជ្ញាជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានដោយប្រាកដថាគ្រួសាររបស់ពួកគេនៅស្រុកកំណើតអាចទទួលបានប្រាក់ដែលរកបានដោយលំបាក ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលពីគ្រប់ទីកន្លែង គ្រប់ពេលវេលានៅក្នុងប្រទេសកម្ពុជា”។

ចាប់ពីពេលនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែទៅកាន់សាខា ឬបញ្ជរណាមួយរបស់ក្រុមហ៊ុន JRF Korea ហើយបន្ទាប់មកជ្រើសរើសជម្រើសនៃការផ្ទេរប្រាក់។ អតិថិជន អាចធ្វើការផ្ទេរប្រាក់ ដោយផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចផ្ទៀង ផ្ទាត់ ទឹកប្រាក់នោះបានភ្លាមៗតាមកម្មវិធី Wing Bank App នៅលើស្មាតហ្វូន។

ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើតាមរយៈការដកសាច់ប្រាក់ (cash pick-up) ដែលមធ្យោបាយនេះ សមាជិកគ្រួសារ នៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារ ជាមួយភ្នាក់ងារវិញជាង ១១.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។

ដើម្បីអបអរសាទរនៃកិច្ចសហការនេះ អតិថិជនដែលទើបចុះឈ្មោះគណនីថ្មីជាមួយក្រុមហ៊ុន JR F Korea ទទួលបានការផ្តល់ការជូនពិសេស ដែលអាចរីករាយជាមួយប្រតិបត្តិការផ្ទេរប្រាក់ឥតគិតថ្លៃចំនួនពីរដង។

ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងគ្រួសាររបស់ពួកគេតាម រយៈផ្ញើប្រាក់ត្រលប់ទៅស្រុកកំណើត។ យោងតាមតួលេខរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថា មានប្រជាជនកម្ពុជាប្រមាណ ៤៦.០០០នាក់ កំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង ហើយក្នុងនោះស្រ្តីមានចំណែកដល់ទៅ ២៣ ភាគរយ ។ ជារៀងរាល់ឆ្នាំ ពួកគេបានផ្ញើប្រាក់ប្រមាណ ៥០០ លានដុល្លារ ទៅគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
លោក Philip Park បានថ្លែងថា៖ “យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយធនាគារ វីង ដើម្បីនាំយកដំណោះស្រាយសេវាផ្ទេរប្រាក់ប្រកបដោយភាពច្នៃប្រឌិតរបស់យើងទៅដល់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង”។

លោក Philip Park បានបន្ថែមថា៖ “ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់នូវសេវា ផ្ទេរប្រាក់ដែលមានតម្លៃសមរម្យ ផ្តល់នូវទំនុកចិត្ត និងដំំណើរការរហ័សទាន់ចិត្តទៅដល់អតិថិជន សម្រាប់ការផ្ទេរប្រាក់ឆ្លងដែន”។

លោក  Philip Park បានបង្ហាញពីសុទិដ្ឋិនិយមទាក់ទងនឹងអត្ថប្រយោជន៍ពីភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដោយលោកបានបញ្ជាក់ថា៖ “យើងសង្ឃឹមថាកិច្ចសហការជាមួយធនាគារ វីង នឹងទទួលផលផ្លែផ្កាល្អប្រសើរ និងផ្តល់ផលជាវិជ្ជមានចំពោះជីវភាព និងការស់នៅរបស់សហគមន៍កម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូង”។

ធនាគារ វីង គឺជាធនាគារពាណិជ្ជមួយកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភ្នាក់ងារជាង ១១.០០០ នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាសាខាធនាគារដែលបានបើកដំណើរការនៅតាមទីតាំងយុទ្ធសាស្ត្រដែលបំពាក់ដោយម៉ាស៊ីន ATM សម្រាប់ដំណើការដកប្រាក់ដោយឥតគិតថ្លៃ។ ការិយាល័យសាខាបន្ថែមទៀតនឹងបើកដំណើការក្នុងឆ្នាំ ២០២៣នេះ។

ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី, សេវាប្រាក់បញ្ញើ, សេវាសន្សំខ្នាតតូច, សេវាណែនាំឥណទាន, សេវាផ្ទេរប្រាក់, ការទូទាត់ថ្លៃទឹកភ្លើង, ធានារ៉ាប់រង, សេវាបើកប្រាក់ខែ ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទជាដើម ។

ចំណែក JRF Korea គឺក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ឈានមុខមួយនៅប្រទេសកូរ៉េខាងត្បូង ដោយផ្តល់ជូននូវសេវា ផ្ទេរប្រាក់ដ៏ធំទូលាយ រហ័ស សុវត្ថិភាព និងងាយស្រួល ទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយនឹងការផ្តោតយ៉ាងខ្លាំងទៅលើការបំពេញតម្រូវការសេវាអតិថិជន និងការអនុលោមតាមបទដ្ឋាន និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្រុមហ៊ុន JRF Korea បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អប្រសើរ និងរក្សាជំហជាក្រុមហ៊ុនផ្តល់ទំនុកចិត្ត ក្នុងវិស័យផ្ទេរប្រាក់។

ភាពជាដៃគូយុទ្ធសាស្ត្ររវាង ធនាគារ វីង និងក្រុមហ៊ុន JRF Korea គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រីកខ្លួនរបស់ក្រុមហ៊ុនទាំងពីរនៅក្នុងទីផ្សារផ្ទេរប្រាក់អន្តរជាតិ៕


 
 
 
 
 

Share This Post: