ស្រ្តីអាយុ ២៩ឆ្នាំនិងធ្លាប់រៀនចប់មហាវិទ្យាល័យម្នាក់សម្រេចចូលរៀនថ្នាក់វិទ្យាល័យឡើងវិញព្រោះតែគាត់មានអារម្មណ៍ឯកាខ្លាំងពេកនិងចង់មានពេលរីករាយបែបកូនសិស្សម្តងទៀត
- BY
- Pheakdey
- May 17, 2023
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភានេះបានឲ្យដឹងថា មានស្រ្តីជនជាតិកូរ៉េខាងត្បូងម្នាក់ដែលធ្លាប់បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យរួចទៅហើយនោះបានប្រើប្រាស់ឯកសារមិនពិតជាច្រើនដើម្បីចុះឈ្មោះចូលរៀនក្នុងថ្នាក់វិទ្យាល័យជាថ្មីម្តងទៀត ព្រោះតែគាត់មិនចង់នៅឯកាម្នាក់ឯង។ ស្រ្តីរូបនេះមានឈ្មោះថា Hyejeong Shin អាយុ ២៩ឆ្នាំ និងធ្លាប់បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យនៅក្នុងឆ្នាំ ២០១៩។

ប្រភពខាងលើបានបន្តថា ថ្មីៗនេះអ្នកនាង Hyejeong Shin បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចុះឈ្មោះចូលរៀនក្នុងវិទ្យាល័យឯកជនមួយកន្លែងមានឈ្មោះថា New Jersey និងបានចូលរៀនបានចំនួន ៤ថ្ងៃ ទើបអាជ្ញាធរអាមេរិកបានរកឃើញថា យុវសិស្សរូបនេះបានប្រើប្រាស់ឯកសារមិនពិតជាច្រើនសម្រាប់ការចុះឈ្មោះចូលរៀន។ ក្រោយករណីនេះត្រូវបានបញ្ជូនទៅដោះស្រាយដល់តុលាការគេបានរកឃើញថា ស្រ្តីវ័យ ២៩ឆ្នាំរូបនេះបានសម្រេចចិត្តត្រលប់ទៅរៀនថ្នាក់វិទ្យាល័យជាថ្មីព្រោះតែគាត់មានអារម្មណ៍ឯកាខ្លាំងពេក ហើយរូបគាត់ចង់មានពេលរីករាយជាមួយមិត្តភក្តិដូចពេលដែលគាត់នៅរៀនថ្នាក់វិទ្យាល័យជាថ្មីម្តងទៀត។ យ៉ាងណាក្តី សកម្មភាពរបស់គាត់ត្រូវបានចាត់ទុកជារឿងខុសច្បាប់ ហើយគិតត្រឹមពេលនេះករណីនេះគឺកំពុងស្ថិតក្នុងការដោះស្រាយតាមប្រព័ន្ធច្បាប់នៅក្នុងរដ្ឋ New Jersey ដែលស្ថិតនៅភាគជើងសហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






