អាជ្ញាធរចិនសម្រេចពិន័យក្រុមហ៊ុនផលិតរឿងកំប្លែងមួយជាង ២លានដុល្លារ ក្រោយសម្តែងប៉ះពាល់ដល់កងទ័ពរំដោះប្រជាជនចិន
- BY
- Pheakdey
- May 18, 2023
ចិន៖ អាជ្ញាធរចិនសម្រេចពិន័យក្រុមហ៊ុនផលិតរឿងកំប្លែងមួយជាង ២លានដុល្លារ ក្រោយសមាជិកអ្នកកំប្លែងម្នាក់របស់ក្រុមហ៊ុនមួយនេះបានសម្តែងប៉ះពាល់ដល់កងទ័ពរំដោះប្រជាជនចិន (People’s Liberation Army)។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភានេះបានឲ្យដឹងថា អ្នកកំប្លែងដែលបានប្រព្រឹត្តិកំហុសរូបនេះមានឈ្មោះថា Li Haoshi ដែលបានសម្តែងជាតួអង្គម្នាក់ឈ្មោះ House នៅក្នុងរឿងកំប្លែងមួយដែលបានចាក់ផ្សាយកាលពីចុងសប្តាហ៍នេះ។

នៅក្នុងឈុតឆាកសម្តែងនោះតួអង្គឈ្មោះ House បាននិយាយអំពីសត្វឆ្កែរបស់គាត់ដេញចាប់សត្វកំប្រុកដោយប្រើប្រាស់ពាក្យថា “របៀបធ្វើការងារល្អ មានសមត្ថភាពឈ្នះការប្រយុទ្ធ” ដែលពាក្យនេះគឺជាពាក្យស្លោកផ្លូវការរបស់កងទ័ពរំដោះប្រជាជនចិន។ សម្រាប់អាជ្ញាធរចិនបានចោទប្រកាន់ថា អ្នកកំប្លែងរូបនេះបានមើលងាយចំពោះពាក្យស្លោករបស់កងទ័ពរំដោះប្រជាជនចិនយ៉ាងខ្លាំង ពោលគឺយកពាក្យដ៏មានអត្ថន័យនេះទៅប្រើប្រាស់ជាមួយសត្វឆ្កែ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនដែលនូវការពិន័យខាងលើនេះមានឈ្មោះថា Xiaoguo Culture Media ហើយទឹកប្រាក់ជាក់ស្តែងនៃការពិន័យនោះគឺមានចំនួន ១៤,៧ លានយន់ ឬស្មើនឹង ២,០៩៩,៥៨០ ដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






