កីឡា

ក្រុមកាំភ្លើងធំ Arsenal ចាញ់ ១ទល់នឹង០ ក្រៅទឹកដីពេលប៉ះ Bate Borisov របស់ប្រទេសប៊ែឡារូស ក្នុងពាន Europa League ខណៈដែលកីឡាករ Lacazette…

BY
Khmernote Media
February 15, 2019

បន្ទាប់ពីមានការប្រកួតក្នុងពាន Champion league ២ថ្ងៃជាប់គ្នាហើយ កាលពីយប់មិញនេះដល់តួនាទីរបស់ក្រុមដែលត្រូវលេងនៅក្នុងពានធំលំដាប់ទីពីររបស់អឺរ៉ុបវិញម្តង ដែលកាលពីយប់មិញនេះ យើងឃើញមានរហូតដល់ទៅ ១៥គូឯណោះ ហើយវាគឺជាការប្រកួតវគ្គ ៣២ក្រុមចុងក្រោយរបស់ពាន Europa League ។ អ្វីដែលគួរអោយចាប់អារម្មណ៍នេាះគឺ ក្រុមកាំភ្លើងធំ Arsenal បានប៉ះជាមួយ ក្រុម Bate Borisov របស់ប្រទេសប៊ែឡារូស។

យើងដឹងហើយថា ក្រុម Arsenal គឺជាក្រុមដែលខ្លាំងនៅក្នុងបាល់ទាត់ប្រទេសអង់គ្លេស ប៉ុន្តែកាលពីយប់មិញនេះពួកគេបានបរាជ័យនៅក្រៅទឹកដីក្នុងលទ្ធផល១ ទល់នឹង០។ មួយគ្រាប់ដ៏មានន័យរបស់ក្រុម Bate នោះគឺជាការស៊ុតបាល់ហ្វ្រីឃីតពីចំងាយ របស់កីឡាករ Stanislav Dragun នៅចុងតង់ទី ១។ សម្រាប់ឯក្រុម Arsenal វិញ ស្ទើរតែរកបានមួយគ្រាប់វិញ ដោយកីឡាករ Lacazette ទៅហើយនៅដើមតង់ទី ២ ប៉ុន្តែអាជ្ញារកណ្តាលមិនអោយ ផ្ទុយទៅវិញកីឡាកររូបនេះទទួលបានកាតក្រហមនៅនាទី ៨៥ បន្ទាប់ពីអោយកែងកីឡាករ Aleksadar Filipovic របស់ក្រុម Bate ។ ចំណែកឯការគ្រប់គ្រងបាល់វិញ ក្រុមArsenal គ្រប់គ្រង់បាលស្ទើរតែទាំងស្រុងរហូតដល់ទៅ ៧៧% ឯណោះ។ ហើយនេះក៏ជាលើកទីមួយរបស់ ក្រុម Bate ដែលបានយកឈ្នះក្រុមមកពីអង់គ្លេសក្នុងពានធំរបស់អឺរ៉ុប នៅក្នុងទឹកដីរបស់ខ្លួន ។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ក្រុម Arsenal បើកទ្វារស្តាត Emirates ដើម្បីស្វាគមន៍ ក្រុម Bate វិញម្តង។ ដូចនេះចាំមើលថាក្រុមមួយណាដែលអាចឡើងទៅវគ្គបន្ត៕

Share This Post: