អន្តរជាតិ

UN សម្តែងការព្រួយបារម្ភចំពោះបញ្ហាអវត្តមានមនុស្សស្រីនៅក្នុងចំណោមមេដឹកនាំកំពូលៗរបស់ចិន

BY
Pheakdey
June 1, 2023

អង្គការសហប្រជាតិ (UN) បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាអវត្តមានមនុស្សស្រីនៅក្នុងចំណោមមេដឹកនាំកំពូលៗរបស់រដ្ឋាភិបាលចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនានេះ។ ការព្រួយបារម្ភខាងលើនេះត្រូវបានបង្ហាញចេញតាមរយៈរបាយការណ៍មួយស្តីពីការលុបបំបាត់ការរើសអើងនិងប្រឆាំងស្ត្រី ដោយមានការគាំទ្រពីសំណាក់ប្រទេសជាច្រើនដូចជាអាល្លឺម៉ង់ អ៊ីស្លង់ ស្លូវ៉ាគី អេស្ប៉ាញ ទីម័រខាងកើត និងវ៉េណេស៊ុយអេឡាជាដើម។

នៅក្នុងរបាយការណ៍ខាងលើនេះក៏បានផ្តល់អនុសាសន៍ផងដែរ អោយប្រទេស​ចិនត្រូវ​អនុម័ត​កូតា​តាម​ច្បាប់ និង​ប្រព័ន្ធ​សមភាព​យេនឌ័រ ដើម្បី​ពន្លឿន​​ឱ្យ​មានភាពស្មើ​គ្នារវាងបុរសនិង​ស្ត្រី​នៅក្នុងជួរ​រដ្ឋាភិបាល។ គួរកត់សម្គាល់ថា បើទោះជាចិនមានពលរដ្ឋជាស្រ្តីច្រើនក៏ពិតមែន តែសម្រាប់តួនាទីនៅក្នុងសភាប្រជាជនជាតិនៃប្រទេសចិនមានស្រ្តីប្រមាណជា ២៦,៥៤%ប៉ុណ្ណោះ។ ដោយឡែកនៅក្នុងចំណោមសមាជិកការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្តចិនវិញ ដែលមានសមាជិកសរុបរហូតដល់ ២៤នាក់ គឺគ្មានមនុស្សស្រីម្នាក់ទាល់តែសោះ ហើយនៅក្នុងចំណោម​សមាជិក​ទាំង​ ៧នាក់​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយចិនក៏គ្មានមនុស្សស្រីដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: