អន្តរជាតិ

Apple គ្រោងដាក់លក់វ៉ែនតា VR ឈ្មោះថា Vision Pro ដែលមានតម្លៃរហូតដល់ ៣,៤៩៩ ដុល្លារ

BY
Pheakdey
June 6, 2023

អាមេរិក៖ ក្រុមហ៊ុន Apple គ្រោងនឹងដាកលក់វ៉ែនតា VR ស៊េរីថ្មីមួយប្រភេទ ដែលមានតម្លៃរហូតដល់ជាង ៣ពាន់ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនានេះ។ វ៉ែនតា VR ស៊េរីថ្មីនេះមានឈ្មោះថា Vision Pro ជាប្រភេទវ៉ែនតាដែលមានកញ្ចក់នៅខាងមុខ មានស៊ុមអាលុយមីញ៉ូម បំពាក់ដោយឧបករណ៍ចាប់សញ្ញាចំនួនប្រាំ កាមេរ៉ាចំនួន ១២ អេក្រង់សម្រាប់ភ្នែកនីមួយៗ និងកុំព្យូទ័រដែលមានកង្ហារត្រជាក់មួយផងដែរ។

ប្រភពខាងលើបានបន្តថា តាមគម្រោងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះនឹងដាក់លក់ Vision Pro នៅក្នុងឆ្នាំក្រោយ ខណៈតម្លៃរបស់វាវិញគឺ ៣,៤៩៩ ដុល្លារ។ បើតាមលោក Tim Cook ដែលជាអគ្គនាយកនៃក្រុមហ៊ុន Apple បានឲ្យដឹងថា Vision Pro ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើបនិងចុងក្រោយបំផុត ហើយលោករំពឹងថា កាសប្រភេទនេះនឹងក្លាយជាកាសជម្រើសដ៏ល្អបំផុតសម្រាប់ក្រុមអតិថិជនដែលនិយមចូលចិត្តប្រើប្រាស់កាសសម្រាប់ការកំសាន្ត ក៏ដូចជាសម្រាប់បំពេញកិច្ចការងារមួយចំនួនផងដែរ៕  

អត្ថបទ​៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: