ក្រុងមួយចំនួននៅអាមេរិកសម្រេចទាញសញ្ញាអាសន្នជុំវិញករណីខ្យល់កខ្វក់បង្កឡើងដោយភ្លើងឆេះព្រៃនៅកាណាដា
- BY
- Pheakdey
- June 8, 2023
អាមេរិក៖ ទីក្រុងមួយចំនួននៅតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកបានសម្រេចទាញសញ្ញអាសន្នជុំវិញករណីខ្យល់កខ្វក់ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនានេះ។ បញ្ហាខ្យល់កខ្វក់ដែលកំពុងតែវាយប្រហារសហរដ្ឋអាមេរិកនៅពេលនេះ គឺត្រូវបានបង្កឡើងដោយសារបញ្ហាភ្លើងឆេះព្រៃដជាង ៤០០កន្លែង ឬស្មើនឹងផ្ទៃដីប្រមាណជា ៣,៨ លានហិចតានៅក្នុងប្រទេសកាដាណា ខណៈគិតត្រឹមពេលនេះបញ្ហាភ្លើងឆេះព្រៃនោះនៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ។

ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលនៃការទាញសញ្ញាអាសន្ននេះ អាជ្ញាធរអាមេរិកបានសម្រេចពន្យាពេលជើងហោះហើរមួយចំនួន បិទសាលារៀន លុបចោលកម្មវិធីប្រកួតកីឡាដែលត្រូវលេងនៅខាងក្រៅអគារ និងបានណែនាំឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ងាយរងគ្រោះទាំងអស់ត្រូវសម្ងំនៅក្នុងជាផ្ទះបណ្តោះអាសន្នសិន ប្រសិនបើគ្មានភារកិច្ចចាំបាច់ត្រូវធ្វើដំណើរចេញក្រៅនោះទេ។ គួរបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់ខាងលើនេះមិនធ្លាប់កើតមាននៅក្នុងសហរដ្ឋអាមេរិកនោះក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ តែយ៉ាងណាក្តីគិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋអាមេរិកបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារបញ្ហាខ្យល់កខ្វក់នេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






