អន្តរជាតិ

ទីក្រុងវ៉ាស៊ីនតោនប្រែជាស្ងប់ស្ងាត់ ក្រោយអាជ្ញាធរអាមេរិកណែនាំឲ្យប្រជាពលរដ្ឋត្រូវសម្ងំនៅក្នុងផ្ទះជាបណ្តោះអាសន្នសិន

BY
Pheakdey
June 9, 2023

អាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនដែលជារដ្ឋធានីរបស់សហរដ្ឋអាមេរិកបានក្លាយជាស្ងប់ស្ងាត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនានេះ។ ភាពស្ងប់ស្ងាត់របស់ទីក្រុងដែលធ្លាប់តែមានសកម្មភាពធ្វើដំណើរយ៉ាងមមាញឹក និងមានការជួបជុំយ៉ាងអ៊ូអរមួយនេះ បានកើតឡើងក្រោយពេលអាជ្ញាធរអាមេរិកបានសម្រេចទាញសញ្ញាអាសន្នជុំវិញករណីខ្យល់កខ្វក់ ដែលបានបង្កឡើងដោយសារតែមានបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសកាដាណា។

គួរកត់សម្គាល់ថា បញ្ហាខាងលើនេះមិនធ្លាប់កើតមាននៅក្នុងសហរដ្ឋអាមេរិកនោះទេនៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ  ខណៈស្ថានភាពអាក្រក់បែបនេះអាចបន្តផ្តល់ការរំខាននៅអាមេរិកក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា នៅក្នុងអំឡុងពេលនៃការទាញសញ្ញាអាសន្នអំពីគ្រោះថ្នាក់នៃបញ្ហាខ្យល់កខ្វក់នេះ អាជ្ញាធរអាមេរិកបានសម្រេចបិទសាសារៀនមួយចំនួនដើម្បីធានាសុវត្ថិភាពចំពោះក្រុមសិស្សានុសិស្ស ជាពិសេសនោះគឺក្មេងៗដែលជាក្រុមងាយរងគ្រោះៗ ជើងហោះហើរមួយចំនួនត្រូវបានពន្យាពេល ព្រឹត្តិការណ៍កីឡាត្រូវលេងនៅខាងក្រៅអគារមួយចំនួនត្រូវបានលុបចោល ខណៈអាជ្ញាធរអាមេរិកក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវអត់ធ្មត់ដោយត្រូវសម្ងំនៅក្នុងផ្ទះជាបណ្តោះអាសន្នសិន បើគ្មានកិច្ចការសំខាន់ត្រូវធ្វើដំណើរចេញពីផ្ទះនោះទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: