អន្តរជាតិ

ហ្វីលីពីនទាញសញ្ញាអាសន្នកម្រិត ៣ ជុំវិញករណីផ្ទុះភ្នំភ្លើង Mayon

BY
Pheakdey
June 9, 2023

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានទាញសញ្ញាអាសន្នកម្រិត ៣ ក្រោយភ្នំភ្លើងដ៏គ្រោះថ្នាក់មួយបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ភ្នំភ្លើងដែលកំពុងតែបង្កការគំរាមគំហែងនេះមានឈ្មោះថា Mayon មានកម្ពស់ ២,៤៦២ម៉ែត្រ ស្ថិតនៅភាគកណ្តាលនៃខេត្ត Albay និងជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទាំង ២៤នៅក្នុងប្រទេសហ្វីលីពីនផងដែរ។

ប្រភពខាងលើបានបន្តថា ក្រោយពេលភ្នំភ្លើងបានផ្ទុះឡើងវាបានបង្កឲ្យផេះនិងផ្សែងពុលយ៉ាង​ច្រើនសាយភាពទៅក្នុងបរិយាកាស​ ហើយក៏បានបង្កឲ្យមានគ្រោះរញ្ជួយដីកម្រិតស្រាលមួយ និងបានបង្កឲ្យមានដុំថ្មរាប់ពាន់ដុំត្រូវបែកចេញពីលើភ្នំមកផងដែរ។ យ៉ាង​ណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋហ្វីលីពីនណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឡើយទេ ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា ភ្នំភ្លើងនៅបន្តផ្ទុះជាច្រើនដងទៀត និងអាចបង្កគ្រោះថ្នាក់ក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត ឬអាចរហូតដល់មួយសប្តាហ៍ផងដែរ។ គួររម្លឹកជូនថា ហ្វីលីពីនធ្លាប់ទទួលរងគ្រោះថ្នាក់ដោយការផ្ទុះភ្នំភ្លើងធ្ងន់ធ្ងរបំផុតនៅក្នុងឆ្នាំ ១៨៤១ ដោយពេលនោះការផ្ទុះភ្នំភ្លើងបានសម្លាប់មនុស្សចំនួន ១,២០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: