ការសិក្សាមួយរបស់ UN បង្ហាញថា មនុស្សប្រុសម្នាក់ក្នុងចំណោម ៤នាក់នៅតែគិតថា ការប្រើប្រាស់អំពើហិង្សាចំពោះប្រពន្ធគឺជារឿងធម្មតា
- BY
- Pheakdey
- June 12, 2023
អាមេរិក៖ បើទោះជាពិភពលោកបានរីកចម្រើនទៅមុខយ៉ាងលឿន ហើយមនុស្សភាគច្រើនសុទ្ធតែបានទទួលការអប់រំយ៉ាងសម្បូរបែបយ៉ាងណាក៏ដោយ តែផ្នត់គំនិតនៃការប្រើអំពើហិង្សាចំពោះស្រ្តីនៅតែបន្តកើតមានជារឿយៗនៅសង្គមគ្រួសារទាំងនៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍ និងនៅក្នុងប្រទេសជឿនលឿន។ ជាក់ស្តែងយោងតាមការសិក្សាមួយបានបង្ហាញថា អំពើហិង្សាចំពោះស្រ្តី ការរើសអើងចំពោះស្រ្តី និងវិសមភាពយេនឌ័របានកើតឡើងយ៉ាងច្រើនគួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅក្នុងអំឡុងពេលដែលពិភពលោកត្រូវបិទខ្ទប់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។

គួរកត់សម្គាល់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃចន្ទ ទី១២ ខែមិថុនានេះ។ របាយការណ៍នៅក្នុងការសិក្សាដដែលនេះបានបង្ហាញថា នៅក្នុងផ្នត់គំនិតរបស់មនុស្សប្រុសម្នាក់នៅក្នុងចំណោមមនុស្សប្រុស ៤នាក់ នៅតែគិតថា ការប្រើប្រាស់អំពើហិង្សាចំពោះប្រពន្ធគឺជារឿងធម្មតា។ ផ្អែកតាមលទ្ធផលនៃការសិក្សានេះគេបានបង្ហាញក្តីបារម្ភថា គោលដៅនៃការលុបបំបាត់អំពើហិង្សា និងការរើសអើងចំពោះស្រ្តីនៅលើពិភពលោកទំនងជាមិនអាចសម្រេចបានតាមផែនការកំណត់នៅក្នុងឆ្នាំ ២០៣០ខាងមុខនេះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






