អន្តរជាតិ

រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានប្រឈមនឹងបញ្ហាភ្លើងឆេះក្នុងទំហំធំជាងធម្មតារហូតដល់ ៥ដង

BY
Pheakdey
June 13, 2023

អាមេរិក៖ ការប្រែប្រួលអាកាសធាតុបានកំពុងតែបង្កការគំរាមគំហែងពិភពលោកយ៉ាងធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនៅក្នុងរដូវក្តៅនាឆ្នាំនេះប្រទេសមួយចំនួនបានជួបប្រទះនឹងសីតុណ្ណភាពឡើងក្តៅក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ហើយប្រទេសខ្លះបានជួបប្រទះនូវបញ្ហាភ្លើងឆេះព្រៃក្នុងកម្រិតដ៏អាក្រក់មិនធ្លាប់មានជាដើម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៣ ខែមិថុនានេះឲ្យដឹងថា រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃក្នុងទំហំដ៏ធំមិនធ្លាប់មាន ពោលគឺមានធំជាងទំហំដែលធ្លាប់បានឆេះនាពេលកន្លងមករហូតដល់ ៥ដងឯណោះ។

គួរបញ្ជាក់ជូនថា ការចុះផ្សាយខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការសិក្សាមួយរបស់ក្រុមអ្នកជំនាញអាមេរិក ដែលបានធ្វើការវាយតម្លៃពីផលប៉ះពាល់ផ្សេងៗជុំវិញបញ្ហាភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយគិតចាប់តាំងពីឆ្នាំ ១៩៧១ មកដល់ឆ្នាំ ២០២១។ ប្រភពខាងលើបានបន្តថា អ្វីដែលកាន់តែអាក្រក់និងគួរឲ្យបារម្ភទៀតនោះ គឺក្រុមអ្នកជំនាញអាមេរិកបានធ្វើការព្យាករណ៍ថា ទំំហំព្រៃដែលនឹងត្រូវភ្លើងឆេះនៅក្នុងទីតាំងខាងលើនេះនឹងបន្តរីកធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅត្រឹមឆ្នាំ ២០៥០ គឺទំហំព្រៃដែលត្រូវភ្លើងឆេះជាមធ្យមអាចនឹងកើនឡើងរហូតដល់ ៥០%ឯណោះ បើធៀបនឹងទំហំព្រៃដែលត្រូវភ្លើងឆេះនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: