អន្តរជាតិ

បុគ្គលិកម្នាក់នៅអាមេរិក ដែលត្រូវក្រុមហ៊ុន Starbucks បញ្ឈប់ពីការងារជុំវិញករណីរើសអើងជាតិសាសន៍នឹងទទួលបានប្រាក់សំណងជាង ២៥លានដុល្លារ

BY
Pheakdey
June 14, 2023

អាមេរិក៖ បុគ្គលិកម្នាក់ដែលត្រូវបានក្រុមហ៊ុន Starbucks បញ្ឈប់ពីការងារជុំវិញករណីរើសអើងជាតិសាសាន៍ត្រូវទទួលបានប្រាក់សំណងចំនួន ២៥,៦ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនានេះ។ បុគ្គលិករូបនេះមានឈ្មោះថា Shannon Phillips ​ភេទស្រី ជាអតីតប្រធានគ្រប់គ្រងតំបន់របស់ក្រុមហ៊ុន Starbucks ប្រចាំនៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងពីឆ្នាំ ២០១៨ម្លេះ ដោយពេលនោះមានបុរសជនជាតិស្បែកខ្មៅចំនួន ២នាក់បានចូលទៅក្នុងហាងកាហ្វេ Starbucks មួយកន្លែងនៅក្នុងទីក្រុង Philadelphia នៃរដ្ឋ New Jersey ដើម្បីជួបប្រជុំជាមួយបុរសជនជាតិស្បែកសម្នាក់ ដែលមិនទាន់បានមកដល់ក្នុងហាងកាហ្វេនៅឡើយទេ។ ក្នុងអំឡុងពេលកំពុងរង់ចាំបុរសជនជាតិស្បែកសនោះ បុរសជនជនជាតិស្បែកខ្មៅទាំង ២នាក់នោះមិនទាន់ធ្វើការកម៉្មង់អ្វីសម្រាប់ញ៉ាំឡើយ ខណៈពេលនោះមានបុរសជនជាតិស្បែកខ្មៅម្នាក់ស្រាប់តែឈឺបត់ជើង និងសុំការអនុញ្ញាតពីបុគ្គលិកក្នុងហាងកាហ្វេដើម្បីទៅប្រើប្រាស់បន្ទប់ទឹក។

យ៉ាងណាក្តី ពេលនោះក្រុមបុគ្គលិកនៅក្នុងកាហ្វេ Starbucks មិនបានអនុញ្ញាតឲ្យបុរសជនជាតិស្បែកខ្មៅនោះទៅប្រើប្រាស់បន្ទប់ទឹកឡើយ និងបានប្រាប់ឲ្យពួកគាត់ទាំង ២នាក់ចាកចេញពីក្នុងហាងកាហ្វេទៀតផង តែពួកគាត់មិនព្រមដើរចេញនោះទេ។ នៅក្នុងស្ថានភាពចម្រូងចម្រាសនោះ បុគ្គលិកក្នុងហាងកាហ្វេក៏បានប្តឹងប៉ូលិសឲ្យមកធ្វើអន្តរាគមន៍ ហើយសកម្មភាពចាប់បុរសជនជាតិស្បែកខ្មៅទាំង ២នាក់នោះត្រូវបានគេយកទៅបង្ហោះជាសាធារណៈលើបណ្តាញអ៊ីនធឺណិត ខណៈមានពលរដ្ឋជាច្រើនបានរិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៊ុន Starbucks ថា មាននិន្នាការរើសអើងជាតិសាសន៍។

ភ្លាមៗក្រោយផ្ទុះការរិះគន់ ក្រុមហ៊ុន Starbucks បានសម្រេចបញ្ឈប់អ្នកនាង Shannon Phillips ដែលជាជនជាតិស្បែកសពីការងារយ៉ាងបន្ទាន់ ដើម្បីពន្លត់កំហឹងរបស់មហាជន តែក្រោយមកតុលាការរដ្ឋ New Jersey បានរកឃើញថា អ្នកនាង Shannon Phillips មិនបានប្រព្រឹត្តអ្វីខុសនោះទេ ហើយការសម្រេចបញ្ឈប់រូបគាត់ពីការងារនោះគឺដោយសារតែរូបគាត់ជាជនជាតិស្បែកស ដ្បិតខាងក្រុមហ៊ុនគិតថា ការបញ្ឈប់បុគ្គលិកស្បែកសនិងមានតួនាទីខ្ពស់រូបនេះពីការងារ​អាចជួយធ្វើឲ្យមហាជនឈប់មានកំហឹងជាមួយក្រុមហ៊ុនបាន។ ផ្អែកលើការរកឃើញខាងលើ តុលាការរដ្ឋ New Jersey កាលពីពេលថ្មីៗនេះបានសម្រេចបង្គាប់ឲ្យក្រុមហ៊ុន Starbucks ត្រូវបង់ប្រាក់សំណងទៅកាន់អ្នកនាង Shannon Phillips ចំនួន ២ករណី ដោយករណីទី ១គឺជាសំណងនៃការបញ្ឈប់បុគ្គលិកខុសពីច្បាប់ការងារដែលមានចំនួន ៦០០,០០០ដុល្លារ ខណៈករណីទី ២ គឺជាប្រាក់សំណងដែលក្រុមហ៊ុនបានធ្វើខុសទៅនឹងច្បាប់ស្តីពីការលុបបំបាត់ការរើសអើងជាតិសាសន៍ដែលមានជាធរមាននៅក្នុងរដ្ឋ New Jersey ដោយប្រាក់សំណងនេះមានចំនួនរហូតដល់ ២៥លានដុល្លារ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: