អន្តរជាតិ

ព្យុះស៊ីក្លូនបានបង្ខំឲ្យពលរដ្ឋឥណ្ឌានិងប៉ាគីស្ថានជាង ១សែននាក់ធ្វើការជម្លៀសខ្លួន ខណៈ ៧នាក់បានបាត់បង់ជីវិត

BY
Pheakdey
June 15, 2023

ឥណ្ឌា៖ ព្យុះស៊ីក្លូនដ៏កំណាចមួយកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃពុធ ទី១៤ ខែមិថុនាម្សិលមិញនេះ។ ឥទ្ធិពលរបស់ព្យុះបានបង្កឲ្យមានខ្យល់បក់បោក និងភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានបញ្ហាបាក់ស្រុតដី និងបង្កឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង Mandvi ស្ថិតនៅក្នុងរដ្ឋ Gujarat នៃប្រទេសឥណ្ឌា ​និងនៅក្នុងទីក្រុង Karachi នៃប្រទេសប៉ាគីស្ថានផងដែរ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះមានពលរដ្ឋនៃប្រទេសទាំង ២ខាងលើនេះជាង ១០០,០០០នាក់ហើយ ដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ខណៈរបាយការណ៍ចុងក្រោយមួយក៏បានបង្ហាញថា មានពលរដ្ឋចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតផងដែរ។ បើតាមក្រុមអ្នកជំនាញបានលើកឡើងថា ទំហំនៃផលប៉ះពាល់របស់ព្យុះស៊ីក្លូនទៅកាន់ប្រទេសឥណ្ឌា និងប៉ាគីស្ថានអាចមានធំជាងការជម្រាបជូនខាងលើនេះ ដ្បិតយោងតាមការព្យាករណ៍បានបង្ហាញថា ព្យុះនឹងបន្តមានឥទ្ធិពលខ្លាំងនៅក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: