ការសិក្សាមួយបានបង្ហាញថា អ្នកកើតជំងឺទឹកនោមផ្អែមនឹងកើនឡើងរហូតដល់ ១,៣ពាន់លាននាក់នៅត្រឹមឆ្នាំ ២០៥០
- BY
- Pheakdey
- June 23, 2023
អាមេរិក៖ ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមនៅជុំវិញពិភពលោកនឹងកើនឡើងរហូតដល់ ១,៣ពាន់លាននាក់នៅត្រឹមឆ្នាំ ២០៥០ខាងមុខ នេះបើយោងតាមការសិក្សាមួយដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Institute for Health Metrics and Evaluation ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

នៅក្នុងរបាយការណ៍របស់វិទ្យាស្ថានខាងលើនេះបានបង្ហាញថា នាពេលបច្ចុប្បន្ននេះពិភពលោកមានអ្នកជំងឺទឹកនោមផ្អែមប្រមាណជា ៥២៩លាននាក់រួចហើយ ដោយនៅក្នុងនោះគឺមានអ្នកជំងឺទឹកនោមផ្អែមម្នាក់ក្នុងចំណោម ១០នាក់បានធ្លាក់ខ្លួនពិការ ឬស្លាប់បាត់បង់ជីវិតតែម្តង។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ចំនួនអ្នកកើតជំងឺទឹកនោមផ្អែមនឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ ហើយកើនឡើងដល់ចំនួន ១,៣ពាន់លាននាក់នៅក្នុងរយៈពេល ៣ ទសវត្សរ៍ទៀត ខណៈ ៩៥%នៃករណីកើតជំងឺទឹកនោមផ្អែមនោះគឺជាការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២។ នៅក្នុងការសិក្សាក៏បានរកឃើញផងដែរថា មូលហេតុចម្បងដែលបណ្តាលឲ្យពលរដ្ឋកើតជំងឺទឹកនោមផ្អែមនោះគឺដោយសារតែរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ដូចនេះដើម្បីការពារខ្លួនពីការកើតមានជំងឺនេះលោកអ្នកគួរបង្កើតទម្លាប់ញ៉ាំអាហារសុខភាពនិងហាត់ប្រាណឲ្យបានជាប្រចាំ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






