សហរដ្ឋអាមេរិកកំពុងបើកការស៊ើបអង្កេតយ៉ាងធំមួយ លើមូលហេតុនៃការផ្ទុះរបស់នាវាមុជទឹក Titan
- BY
- autoadmin
- June 26, 2023
ឆ្មាំឆ្នេរសមុទ្រអាមេរិកបាននិយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើមូលហេតុនៃការផ្ទុះរបស់នាវាមុជទឹក Titan ដែលបានដឹកមនុស្ស ៥នាក់ ទៅទស្សនាកប៉ាល់ទីតានិក ខណៈការស្វែងរកមនុស្សដែលនៅក្នុងនាវាត្រូវបានបញ្ចប់។ ឆ្មាំឆ្នេរសមុទ្របានបង្ហាញកាលពីថ្ងៃអាទិត្យថា ខ្លួនបានកោះប្រជុំក្រុមប្រឹក្សាស៊ើបអង្កេតសមុទ្រ ឬ MBI ដើម្បីធ្វើការស៊ើបអង្កេតលើការបាត់បង់នាវាមុជទឹក Titan។ ជម្រាបផងដែរថា MBI គឺជាថ្នាក់ជាន់ខ្ពស់បំផុតនៃការស៊ើបអង្កេតរបស់ឆ្មាំឆ្នេរសមុទ្រ។

ឆ្មាំឆ្នេរសមុទ្របានឱ្យដឹងថា អ្នកស៊ើបអង្កេតរបស់ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលប្រមូលភស្តុតាងដំបូង រួមទាំងប្រតិបត្តិការស្វែងរកកម្ទេចកំទី ហើយពួកគេកំពុងចាត់វិធានការសំខាន់នានានៅលើគេហទំព័រ ប្រសិនបើសាកសពមនុស្សត្រូវបានជួបប្រទះ។ នាវាមុជទឹកបានបាត់ខ្លួន បន្ទាប់ពីបានជ្រមុជចូលទៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងកាលពីថ្ងៃទី១៨ ខែមិថុនា។ ក្រុមជួយសង្គ្រោះមកពីសហរដ្ឋអាមេរិក និងកាណាដា បានរកឃើញកម្ទេចកំទីរបស់នាវា ៤ ថ្ងៃក្រោយមក។ ពួកគេនិយាយថា អ្នកស៊ើបអង្កេតរបស់ខ្លួនកំពុងធ្វើការនៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរមកពីប្រទេសកាណាដា បារាំង និងអង់គ្លេស ក្នុងគោលបំណងការពារការកើតឡើងស្រដៀងគ្នានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






