អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានប្រើពាក្យ “អតិផរណា Taylor Swift” ក្រោយតម្លៃសំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀងរូបនេះបានកើនឡើងយ៉ាងខ្ពស់
- BY
- Pheakdey
- June 27, 2023
អាមេរិក៖ ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានមើលឃើញថា តម្លៃសំបុត្រនៃការចូលទស្សនាកម្មវិធីកម្សាន្តនានានៅលើពិភពលោកនិងជាពិសេសនោះគឺការប្រគំតន្ត្រីតែម្តងបានកើនឡើងគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ ខណៈតម្លៃសំបុត្រថ្លៃខ្លះវិញបានកើនឡើងខ្ពស់លើកកម្រិតដែលប្រជាពលរដ្ឋគួរចំណាយទៀតផង។ ការចាប់អារម្មណ៍អំពីបញ្ហាដ៏កម្រខាងលើនេះត្រូវបានកើតឡើងក្នុងអំឡុងពេលដែលចរន្តសេដ្ឋកិច្ចនៅលើសកលលោកហាក់មានភាពជាប់គាំង ដែលបណ្តាលឲ្យប្រទេសជាច្រើនត្រូវជួបប្រទះនឹងវិបត្តិអតិផរណ ពោលគឺស្ថានភាពដែលតម្លៃនៃទំនិញនៅលើទីផ្សារបានកើនឡើងខ្ពស់ ខណៈតម្លៃនៃលុយបានធ្លាក់ចុះ។

បើតាមក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានលើកយកករណីនៃការប្រគំតន្រ្តីរបស់កំពូលតារាចម្រៀងលំដាប់ពិភពលោកគឺអ្នកនាង Taylor Swift មកហៅតាមភាសាសេដ្ឋកិច្ចថា “អតិផរណា Taylor Swift ” ដ្បិតសំបុត្រនៃការចូលទស្សនាការប្រគំតន្ត្រីរបស់គាត់បានកើនឡើងយ៉ាងខ្ពស់ បើធៀបទៅនឹងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងនៅខែកក្កដាខាងមុខនេះ អ្នកនាង Taylor Swift នឹងអញ្ជើញទៅប្រគំតន្ត្រីនៅក្នុងប្រទេសសិង្ហបុរី ខណៈតម្លៃសំបុត្រសម្រាប់ចូលទស្សនាការប្រគំតន្ត្រីនោះកម្រិតទាបបំផុតគឺ ១,២០០ដុល្លារ ហើយនៅក្នុងខែសីហា តារាចម្រៀងវ័យ ៣៣ឆ្នាំរូបនេះនឹងបន្តទៅប្រគំតន្ត្រីនៅក្នុងប្រទេសម៉ិចស៊ីកូជាមួយនឹងតម្លៃសំបុត្រចូលទស្សនា ៥០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






