អាមេរិកបានខាតបង់ប្រាក់ជាង ២០០ពាន់លានដុល្លារក្នុងគម្រោងជួយសង្គ្រោះអាជីវកម្មខ្នាតតូចដែលបានរងគ្រោះដោយការរាតត្បាតកូវីដ-១៩
- BY
- Pheakdey
- June 28, 2023
អាមេរិក៖ សហរដ្ឋអាមេរិកបានខាតបង់ប្រាក់អស់ជាង ២០០ពាន់លានដុល្លារនៅក្នុងគម្រោងផ្តល់ឥណទានជួយសង្គ្រោះអាជីវកម្មខ្នាតតូចដែលបានរងផលប៉ះពាល់ដោយការរាតត្បាតជំងឺកូវីដ-១៩ នេះបើយោងតាមរបាយការណ៍មួយរបស់ក្រុមអ្នកឃ្លាំមើលរដ្ឋាភិបាលអាមេរិក (US Government Watchdog) ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនានេះ។ ប្រាក់ដែលត្រូវបានខាតបង់នោះគឺមានចំនួន ១៧% នៃកញ្ចប់ប្រាក់សរុបដែលរដ្ឋាភិបាលបានអនុម័តសម្រាប់ជួយម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ដែលបានរងផលប៉ះពាល់ដោយសារការបិទខ្ទប់ប្រទេស។

បើតាមការិយាល័យអធិការកិច្ចនៃអគ្គនាយកដ្ឋានអាជីវកម្មខ្នាតតូច (SBA) អាមេរិកបានបញ្ជាក់ថា ទឹកប្រាក់ជាង ២០០ពាន់លាននោះគឺត្រូវបានខាតបង់តាមរយៈការផ្តល់ប្រាក់កម្ចីទៅកាន់ជនរងគ្រោះក្លែងក្លាយនៅក្នុងគម្រោងជួយសង្គ្រោះចំនួន ២ គឺគម្រោងប្រាក់កម្ចីគ្រោះមហន្តរាយសេដ្ឋកិច្ច (EIDL) និងកម្មវិធីការពារប្រាក់បៀវត្សរ៍ (PPP)។ គួរបញ្ជាក់ជូនថា ដើម្បីជួយសង្គ្រោះអាជីវកម្មខ្នាតតូចរដ្ឋាភិបាលអាមេរិកបានអនុម័តកញ្ចប់ថវិកាសរុបចំនួន ៤,៦លានលានដុល្លារសម្រាប់ប្រើប្រាស់ ខណៈគិតត្រឹមពេលនេះគម្រោងជួយសង្គ្រោះនេះនៅសល់ថវិកាចំនួន ៩០,៥ពាន់លានដុល្លារទៀត ដែលមិនទាន់បានប្រើប្រាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






