កាបូបមើលស្ទើរតែមិនឃើញនឹងភ្នែកមួយនេះ ត្រូវបានគេលក់ចេញនៅក្នុងតម្លៃ ៦៣,៧៥០ ដុល្លារអាមេរិក
- BY
- autoadmin
- June 30, 2023
កាបូបដែលមានទំហំតូចជាងគ្រាប់អំបិលមួយ ត្រូវបានលក់ចេញក្នុងតម្លៃ ៦៣,៧៥០ ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃមួយរបស់ក្រុមហ៊ុន Joopiter នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ កាបូបដ៏តូចនេះមានទំហំត្រឹមតែ ៦៥៧ x ២២២ x ៧០០ មីក្រូម៉ែត្រ និងធ្វើចេញពីជ័រ photopolymer ហើយប្រសិនបើចង់ឃើញកាបូបនេះឱ្យបានច្បាស់ គឺទាល់តែប្រើមីក្រូទស្សន៍។ កាបូបដែលមានតម្លៃដើម ១៥,០០០ ដុល្លារអាមេរិកមួយនេះ ត្រូវបានរចនាឡើងដោយសមាគមសិល្បៈ MSCHF (mischief) ដែលមានមូលដ្ឋាននៅតំបន់ Brooklyn របស់ទីក្រុង New York សហរដ្ឋអាមេរិក។

ទស្សនាវដ្តី Smithsonian បានរាយការណ៍ថា ដោយសារតែកាបូបនេះវាតូចខ្លាំងពេក គំរូកាបូបខ្លះដែលត្រូវបានយកទៅពិនិត្យ ដោយក្រុមការងារ MSCHF ក៏បានបាត់បង់មួយចំនួនផងដែរ។ យ៉ាងណាក៏ដោយ នៅកន្លែងដេញថ្លៃគេបានបន្ថែមមីក្រូទស្សន៍ ១គ្រឿង ដែលជួយឱ្យម្ចាស់របស់វាអាចពង្រីករកកាបូបរបស់ពួកគេបាន។ ជាធម្មតាមីក្រូទស្សន៍ អាចរកទិញបានពីអ្នកលក់រាយតាមអ៊ីនធឺណិត ដែលតម្លៃចាប់ពី ៦០ ដុល្លារ ទៅដល់រាប់ពាន់ដុល្លារ។ ប៉ុន្តែនៅកន្លែងដេញថ្លៃនោះ គេមិនបានបញ្ជាក់ពីតម្លៃរបស់មីក្រូទស្សន៍មួយគ្រឿងនោះទេ។
កាបូបនេះក៏មានតែមម៉ាកយីហោ Louis Vuitton នៅលើវាផងដែរ ប៉ុន្តែមិនមែនជារបស់ក្រុមហ៊ុន Louis Vuitton នោះទេ។ ឆ្លើយតបនឹងបញ្ហានេះ ប្រធានផ្នែកច្នៃប្រតិដ្ឋរបស់ MSCHF លោក Kevin Wiesner បានប្រាប់កាសែត New York Times កាលពីដើមខែនេះថា ក្រុមមិនបានស្វែងរកការអនុញ្ញាតពីម៉ាក LV ដើម្បីប្រើប្រាស់វាទេ។ ជម្រាបដែរថា MSCHF ធ្លាប់បានដោះស្រាយបណ្តឹងជាមួយក្រុមហ៊ុន Nike នៅក្នុងឆ្នាំ២០២១ ដោយសារការប្រើប្រាស់ឡូហ្គោ (trademark) មិនសុំការអនុញ្ញាត្ត នៅលើស្បែកជើង Satan Shoes របស់ខ្លួន ហើយ MSCHF ក៏កំពុងជាប់បណ្តឹងឧទ្ធរណ៍ជាមួយ Vans ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






