អន្តរជាតិ

រលកខ្យល់ដ៏ខ្លាំងមួយបានបង្កឲ្យអ្នកដំណើរលើយន្តហោះ ១០នាក់ត្រូវរងរបួសធ្ងន់និងស្រាល

BY
Pheakdey
July 2, 2023

អូស្រ្តាលី៖ យ៉ាងហោចណាស់មានអ្នកដំណើរនៅលើយន្តហោះចំនួន ១០នាក់បានរងរបួសធ្ងន់និងស្រាល ក្រោយយន្តហោះដែលកំពុងតែហោះហើរមួយគ្រឿងស្រាប់តែត្រូវជួបប្រទះនឹងរលកខ្យល់ដ៏អាក្រក់មួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time  នៅថ្ងៃសៅរ៍ ទី១ ខែកក្កដានេះបានបញ្ជាក់ថា ហេតុការណ៍ដ៏កម្រនេះបានកើតឡើងចំពោះយន្តហោះដឹកអ្នកដំណើរ The Airbus A330 ដែលបានចាកចេញពីព្រលានយន្តហោះក្នុងទីក្រុងហូណូលូលូឆ្ពោះទៅកាន់ទីក្រុងស៊ីដនី ក្នុងប្រទេសអូស្រ្តាលី។

ប្រភពខាងលើបានបន្តថា នៅពេលយន្តហោះធ្វើដំណើរបានពាក់កណ្តាលផ្លូវ ស្រាប់តែខ្យល់ដ៏ខ្លាំងមួយផ្តើមបោកបក់មកលើយន្តហោះ ធ្វើឲ្យយន្តហោះត្រូវហោះទាំងច្របូកច្របល់ ឡើងចុះៗអស់រយៈពេលប្រមាណជា ៥ម៉ោង ខណៈហេតុការណ៍នេះបានបង្កឲ្យអ្នកដំណើរ ៤នាក់ និងក្រុមបុគ្គលិកបម្រើការងារនៅយន្តហោះ ៣នាក់បានរងរបួស​ តែពួកគេត្រូវបានព្យាបាលភ្លាមៗដោយគ្រូពេទ្យប្រចាំការនៅលើយន្តហោះ។ ដោយឡែកអ្នកដំណើរ ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ ក្រោយពេលយន្តហោះបានចុះចតដល់ព្រលានយន្តហោះ។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃកើតហេតុនោះប្រទេសអូស្រ្តាលីបានរងឥទ្ធិពលពីបញ្ហាអាកាសធាតុដ៏អាក្រក់បំផុតមួយ ដែលតម្រូវឲ្យអាជ្ញាធរអាកាសចរណ៍អូស្រ្តាលីត្រូវលុបចោលជើងហោះហើរអស់ជាច្រើនជើងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: