ព្យុះភ្លៀងនៅជប៉ុនបានបណ្ដាលឱ្យពលរដ្ឋម្នាក់បាត់បង់ជីវិត ខណៈជិត ២លាននាក់ផ្សេងទៀតត្រូវបានណែនាំឲ្យត្រៀមធ្វើការជម្លៀសខ្លួន
- BY
- Pheakdey
- July 2, 2023
ជប៉ុន៖ ប្រទេសជប៉ុនបានទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងដោយព្យុះភ្លៀងកម្រិតធ្ងន់មួយមេ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី ១ ខែកក្កដានេះ។ ព្យុះភ្លៀងបានកើតមាននៅទូទាំងប្រទេសជប៉ុន តែតំបន់ដែលទទួលរងការគំរាមគំហែងធ្ងន់ធ្ងរនោះគឺ អាណាខេត្ត Oita និងអាណាខេត្ត Yamaguchi ដែលស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុន។

បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺគេបានរកឃើញសាកសពបុរសជនជាតិជប៉ុនម្នាក់ ដែលបានស្លាប់នៅក្នុងរថយន្ត ក្រោយរថយន្តរបស់គាត់ត្រូវបានព្យុះភ្លៀងបោកបក់ឲ្យធ្លាក់ចូលទៅក្នុងទន្លេ ខណៈពលរដ្ឋម្នាក់ទៀតត្រូវបានរាយការណ៍ថា កំពុងតែបាត់ខ្លួន។ ជាងនេះទៅទៀត អាជ្ញាធរជប៉ុនក៏បានណែនាំឲ្យពលរដ្ឋជិត ២លាននាក់ត្រៀមធ្វើការជម្លៀសខ្លួនផងដែរ ក្នុងករណីដែលស្ថានភាពអាកាសធាតុកាន់តែធ្ងន់ធ្ងរជាងនេះ។ បើតាមការព្យាករណ៍របស់អាជ្ញាធរជប៉ុនបានបង្ហាញថា ព្យុះភ្លៀងនឹងបន្តជះឥទ្ធិពលអាក្រក់ជាច្រើនថ្ងៃទៀត និងអាចបង្កឲ្យមានទឹកជំនន់ក្នុងទីតាំងមួយចំនួនដែលស្ថិតនៅតំបន់ភាគខាងលិច ភាគខាងកើត និងភាគកណ្តាលប្រទេសជប៉ុនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






