អន្តរជាតិ

របាយការណ៍មួយបង្ហាញថា សីតុណ្ហភាពជាមធ្យមនៅទូទាំងពិភពលោកបានកើនឡើងក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន​ ហើយសូម្បីតែនៅតំបន់ទឹកកកក៏មានការកើនឡើងដែរ

BY
Pheakdey
July 5, 2023

អាមេរិក៖​ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករណ៍បរិស្ថាន ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៥ ខែកក្កដានេះបានឲ្យដឹងថា សីតុណ្ហភាពនៅលើពិភពលោកទាំងមូលបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានកាលពីថ្ងៃចន្ទ ទី៣ ខែកក្កដាកន្លងទៅ។ សីតុណ្ហភាពជាមធ្យមនៅទូទាំងពិភពលោកបានកើនឡើងដល់ ១៧,០១ អង្សាសេ ខណៈកំណត់ត្រាខ្ពស់បំផុតកាលពីឆ្នាំ ២០១៦ គឺពិភពទាំងមូលធ្លាប់ប្រឈមនឹងសីតុណ្ហភាពខ្ពស់បំផុតត្រឹមកម្រិត ១៦,៩២អង្សាសេប៉ុណ្ណោះ។

ក្នុងរបាយការណ៍ខាងលើនេះក៏បានបង្ហាញពីកម្រិតសីតុណ្ហភាពខ្ពស់បំផុតនៅតាមតំបន់ធំៗមួយចំនួននៅជុំវិញពិភពលោកផងដែរ ដូចជានៅតំបន់អាហ្រ្វិកខាងជើងសីតុណ្ហភាពបានកើនឡើងជិតដល់ ៥០អង្សាសេ សីតុណ្ហភាពនៅក្នុងប្រទេសចិនបានកើនឡើងខ្ពស់ជាង ៣៥អង្សាសេ ហើយសូម្បីតែនៅតំបន់ទឹកកកអង់តាក់ទិកក៏សីតុណ្ហភាពបានកើនឡើងដល់ ៨,៧អង្សាសេដែរ ដែលជាសីតុណ្ហភាពកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេ។ បើតាមលោក Zeke Hausfather ដែលជាអ្នកវិទ្យាសាស្រ្តនៅក្នុងវិទ្យាស្ថាន Berkeley Earth បានបញ្ជាក់ថា ការកើនឡើងកម្តៅនៅលើភពផែនដីនៅពេលនេះគឺជាសញ្ញាគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភមួយសម្រាប់ទាំងមនុស្សជាតិ និងប្រព័ន្ធអេកូឡូស៊ីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: