សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអូសបន្លាយដល់ថ្ងៃទី ៥០០ ទាំងគ្មានសញ្ញាបញ្ចប់ និងបានបណ្តាលឲ្យជនស៊ីវិលជាង ៩,០០០នាក់បាត់បង់ជីវិត
- BY
- Pheakdey
- July 8, 2023
អាមេរិក៖ អង្គការសហប្រជាជាតិ (UN) បានធ្វើការថ្កោលទោសជាថ្មីម្តងទៀតជុំវិញការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ក្រោយភ្លើងសង្គ្រាមបានអូសបន្លាយអស់រយៈពេល ៥០០ថ្ងៃហើយ និងគ្មានសញ្ញានៃការបិទបញ្ចប់ទាល់តែសោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែកក្កដានេះ។ នៅក្នុងរបាយការណ៍របស់បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបង្ហាញថា គិតត្រឹមពេលនេះភ្លើងសង្គ្រាមបានសម្លាប់ជនស៊ីវិលអស់ជាង ៩,០០០នាក់ ខណៈនៅក្នុងនោះក៏មានកុមារប្រមាណជា ៥០០នាក់ផងដែរ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់ជនស៊ីវិលអស់ជារាប់ពាន់ហើយ ភ្លើងសង្គ្រាមដែលបានចាប់ផ្តើមពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២មក បានបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនអស់រាប់ពាន់លានដុល្លារ និងបានជះឥទ្ធិអាក្រក់មួយចំនួនទៅកាន់សេដ្ឋកិច្ចពិភពលោកផងដែរ។ សូមបញ្ជាក់ជូនថា ទន្ទឹមនឹងមានការអំពាវនាវឲ្យបិទបញ្ចប់សង្គ្រាមពីសំណាក់អង្គការសហប្រជាជាតិ រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយយោធានិងជំនួយសេដ្ឋកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់យកទៅប្រើប្រាស់នៅក្នុងសមរភូមិ ខណៈអាមេរិកបានសន្យាថានឹងបន្តគាំទ្រប្រទេសអ៊ុយក្រែនគ្រប់បែបយ៉ាងរហូតដល់ភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទាំងស្រុង៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






