PR

ក្លិបហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងគុនខ្មែរ ដាក់ឱ្យដំណើរការសង្វៀន ប្រដាល់ថ្នាល និងសង្វៀនកម្រិតអន្តរជាតិ

BY
Liny Chan
July 8, 2023

ក្រុមហ៊ុន Galaxy Navatra Group សម្ពោធដាក់ដំណើរការក្លិប ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង គុនខ្មែរ ដែលជាសង្វៀន ប្រដាល់ថ្នាល និងសង្វៀន កម្រិតអន្តរជាតិ កាលពីរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ នៅក្រោយផ្សារព្រៃទទឹងតាមបណ្ដោយផ្លូវជាតិ លេខ ៣ ។

ពិធីសម្ពោធក្លិបប្រដាល់គុនខ្មែរដ៏ធំមួយនេះ មានការអញ្ជើញចូលរួមពីឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯកឧត្តម និន ភារម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តម ជា លីសែ ជំនួយការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្តេចប្រដាល់ អេភូថង រួមទាំងភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន កីឡាករ-កីឡាការិនីគុនខ្មែរជាច្រើនរូប។

នៅក្នុងឱកាសសន្និសីទសារព័ត៌មាន ឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា ក្លិប ប្រដាល់ គុន ខ្មែរ កាឡាក់ស៊ី ណារ៉ាត្រា អេ ភូថង បានកំណត់គោលដៅច្បាស់លាស់ និងមានទស្សនវិស័យយ៉ាងវែងឆ្ងាយ ដោយកំណត់គោលដៅធ្វើយ៉ាងណាពង្រីកវិសាលភាព នៃក្បាច់ គុន បុរាណ ដូនតាខ្មែរ ឆ្ពោះទៅកម្រិតស្តង់ដារអន្តរជាតិ និងឲ្យពិភពលោកស្គាល់កាន់តែច្បាស់។

លោកឧកញ៉ាបន្តថា ជាការពិតទស្សនវិស័យរបស់ក្លិបប្រដាល់ កាឡាក់ស៊ី ណារ៉ាត្រា អេ ភូថង គឺមានច្បាស់លាស់ដើម្បីលើកកម្ពស់ដល់ វិស័យ គុនខ្មែរ ឲ្យកាន់តែមានភាពរីកចំរើន ដែលមានដូចជា ហេដ្ឋារចនាសម្ពន្ធសមរម្យ សង្វៀន ត្រូវតាមស្តង់ដារ អន្តរជាតិ មាន បន្ទប់សម្រាកសម្រាប់កីឡាករ – កីឡាការិនី ស្រស់ស្អាត និងអនាម័យ ព្រមទាំងមានការយកចិត្តទុកដាក់មើលថែកីឡាករ ដោយផ្ដល់ ការហូបចុក គ្រប់គ្រាន់ ថែមទាំងមានប្រាក់បៀវត្សប្រចាំខែថែមទៀតផង។

បើតាមលោកឧកញ៉ា ដើមហេតុនៃការចុចយកក្លិបប្រដាល់ អេភូថង ជាដៃគូ ព្រោះលោកមានគោលបំណងរក្សានូវ តម្លៃ និងស្នាដៃ របស់លោក អេ ភូថង ក្នុងនាមជាស្ដេចប្រដាល់របស់កម្ពុជា។ លោកពិតជាស្រលាញ់ និងស្ងើចសរសើរ ដល់លោក អេ ភូថង កាលនៅ ជា កីឡាករ គឺ កម្រមានដៃគូយកឈ្នះលោកបានណាស់ ហេតុដូច្នេះក្នុងនាមជា អ្នកដែលស្រលាញ់ដល់ក្បាច់គុនដូនតាខ្មែរ និងមើលឃើញ ពីស្នាដៃដ៏ល្អរបស់លោក អេ ភូថង ទើបក្រុមហ៊ុន កាឡាក់ស៊ី សម្រេចចុចយកក្លិប អេ ភូថង ជាដៃគូសហការតែម្ដង។

ជុំវិញការចាប់ដៃគូរវាង ក្រុមហ៊ុន និងលោក អេ ភូថង បានកំណត់យ៉ាងហោចណាស់មានរយៈពេល ៥ឆ្នាំ ហើយក្នុងកំឡុងពេលនេះ លោក ឧកញ៉ា ឡេង ប្រុសជឿថា នឹងអាចពង្រីកវិសាលភាពនៃក្បាច់គុនប្រដាល់ និងជួយពង្រឹងដល់ក្មេងៗ ជំនាន់ក្រោយឲ្យកាន់តែ ខ្លាំងពូកែ ដើម្បីប្រជែងប្រទេសជិតខាង។

ជាមួយគ្នានោះដែរ លោក អេ ភូថង ក្នុងនាមជាបុគ្គលដែលមានបទពិសោធជោគជាំ នៅលើវិថីប្រដាល់គុនខ្មែរ លោកមើលឃើញថា ការ លូកដៃរបស់ អ្នកឧកញ៉ា ឡេង ណារ៉ាត្រា និងក្រុមហ៊ុន កាឡាក់ស៊ី ក្នុងវិថីប្រដាល់នេះពិតជាអាចជួយដល់វិស័យគុនខ្មែរ មួយផ្នែកធំ ពិសេសនោះ លោកជឿថាប្រដាល់គុនខ្មែរ នឹងកាន់តែល្បីសុះសាយជាក់ជាមិនខានឡើយ។

ទន្ទឹមនេះ លោកបានធ្វើការសន្យាថា នឹងជ្រើសរើសយកកីឡាករពិសេសៗ និងខ្លាំងៗមកប្រកួតនៅសង្វៀនព្រៃទទឹង ដែលធ្វើការ ប្រកួត នៅរៀងរាល់ចុងសប្ដាហ៍ សៅរ៍- អាទិត្យ រាល់ខែ ដើម្បីធ្វើយ៉ាងណាឲ្យសង្វៀនប្រដាល់មួយនេះ ក្លាយជាសង្វៀនល្បីមួយ នៅកម្ពុជា និង អន្តរជាតិនាពេលអនាគត៕

Share This Post: