ចោរម្នាក់ចូលទៅប្លន់ក្នុងហាងធ្វើក្រចកមួយកន្លែងតែអត់មានអ្នកនិយាយតបជាមួយក៏ដើរចេញវិញទាំងគ្មានបានអី ខណៈពេលនេះប៉ូលិសកំពុងតាមចាប់ខ្លួន (មានវីដេអូ)
- BY
- Pheakdey
- July 10, 2023
អាមេរិក៖ ជាទូទៅករណីចោរប្លន់ត្រូវបានគេចាត់ទុកជារឿងគួរឲ្យភ័យខ្លាចនិងគ្រោះថ្នាក់មួយ តែសម្រាប់ករណីប្លន់មួយនេះបានក្លាយជារឿងគួរឲ្យអស់សំណើចទៅវិញ ក្រោយបុរសជាចោរម្នាក់បានដើរចូលទៅក្នុងហាងធ្វើក្រចកមួយកន្លែងដើម្បីប្លន់យកប្រាក់ តែគ្មានអ្នកណាម្នាក់និយាយជាមួយគាត់ ខ្លាចគាត់ ឬផ្តល់ប្រាក់តាមការសម្លុតរបស់គាត់ឡើយ ហើយចុងក្រោយគាត់បានត្រឹមដើរចេញទៅវិញដោយគ្មានបានអ្វីសោះ ក្រៅតែពីការតាមចាប់ខ្លួនរបស់ប៉ូលិស។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដាបានឲ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។

តាមរយៈវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងធ្វើក្រចកឈ្មោះ Nail First ដែលជាកន្លែងកើតហេតុបានបង្ហាញថា នៅក្នុងហាងនោះមានមនុស្សស្រី ៣នាក់កំពុងអង្គុយនៅលើកៅអី និងមានបុរសម្នាក់កំពុងឈរនៅកន្លែងគិតលុយ។ បន្តិចក្រោយមក ស្រាប់តែមានបុរសម្នាក់ដើរចូលទៅក្នុងហាងដោយដៃម្ខាងបានកាន់កាតាបមួយផងនោះនិងបានស្រែកគំរាមថា គ្រប់គ្នាត្រូវប្រមូលលុយមកឲ្យគាត់។
យ៉ាងណាក្តី មនុស្សគ្រប់គ្នាដែលមានវត្តមាននៅក្នុងបន្ទប់នោះហាក់មិនតក់ស្លុតអ្វីទាល់សោះ ខណៈមានស្រ្តីម្នាក់បានលើកដៃនិងដើរចេញទៅក្រៅបន្ទប់។ ដោយគ្មានអ្នកណាខ្លាច និងគ្មានអ្នកនិយាយឆ្លើយឆ្លងជាមួយនោះ បុរសជាចោរក៏បានដើរចេញពីបន្ទាប់វិញយ៉ាងលឿនតែម្តង។ បើទោះជាមិនអាចប្លន់បានប្រាក់ក៏ពិតមែន តែសកម្មភាពរបស់គាត់នៅតែត្រូវបានចាត់ទុកជាសកម្មភាពចោរកម្ម ខណៈពេលនេះខាងប៉ូលិសអាមេរិកកំពុងតាមចាប់ខ្លួនគាត់ឲ្យមកទទួលទោសតាមផ្លូវច្បាប់ផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






