អន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិក ១គ្រាប់កាលពីព្រឹកមិញនេះ ដែលជាគ្រាប់ទី ១២ក្នុងឆ្នាំ ២០២៣

BY
Pheakdey
July 12, 2023

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃពុធ ទី១២ ខែកក្កដានេះបានបាញ់មីស៊ីលបាលីស្ទិកចំនួន ១គ្រាប់ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time។ ស្របពេលដែលប្រទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ខាងលើនេះ ក្រសួងការពារជាតិជប៉ុនក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរដោយមានខ្លឹមសារដូចគ្នា។

ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលបាលីស្ទិករបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះគឺជាបាញ់មីស៊ីលបាលីស្ទិកទី ១២ហើយសម្រាប់នៅក្នុងឆ្នាំ២០២៣នេះ។ គួររម្លឹកជូនថា​ មុនពេលធ្វើការបាញ់មីស៊ីល ពោលកាលពីដើមសប្តាហ៍នេះប្រទេសកូរ៉េខាងជើងហាក់មានរឿងរ៉ាវចម្រូងចម្រាសមួយចំនួនជាមួយអាមេរិក ដូចជាកូរ៉េខាងជើងបានធ្វើការថ្កោលទោសអាមេរិកដែលបានបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកមកកាន់ឧបទ្វីបកូរ៉េ និងបានព្រមានពីការកើតមានសង្គ្រាមនុយក្លេអ៊ែរផងដែរ។ ក្រោយធ្វើការថ្កោលទោសអាមេរិកបានមួយថ្ងៃ ប្រទេសកូរ៉េខាងជើងក៏បានធ្វើការព្រមានមួយបន្ថែមទៀតទៅកាន់អាមេរិក ដែលជាការព្រមានបាញ់ទម្លាក់យន្តហោះយកការណ៍របស់អាមេរិក ដែលបានហោះកាត់ដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: