អន្តរជាតិ

សមាជិកសភាទាំង ២ របស់ប្រទេសថៃ នឹង​ត្រូវកោះ​ប្រជុំ​នៅ​ថ្ងៃ​នេះ ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី

BY
autoadmin
July 13, 2023

សមាជិកសភា និងព្រឹទ្ធសភាថៃ នឹងធ្វើការកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយរយៈពេលជិត ២ខែ បន្ទាប់ពីការបោះឆ្នោតទូទៅរបស់ប្រទេសនេះ។ ការអង្គុយរួមគ្នានឹងកំណត់ថា តើលោក Pita Limjaroenrat ដែលមានអាយុ ៤២ឆ្នាំ អាចឈ្នះតំណែងនាយករដ្ឋមន្ត្រី និងក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃដែរ ឬទេ។ គណបក្សឆ្ពោះទៅមុខរបស់លោក Pita បានទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅថ្ងៃទី១៤ ខែឧសភា ហើយក៏បានបង្កើតក្រុមចម្រុះជាមួយសម្ព័ន្ធមិត្តចំនួន ៧ ផ្សេងទៀត ដែលធ្វើឱ្យពួកគេមាន ៣១២ សំឡេង នៅក្នុងសភាតំណាងរាស្រ្ត។

យ៉ាងណាមិញ ដើម្បីឱ្យលោក Pita Limjaroenrat ក្លាយជានាយករដ្ឋមន្ត្រីទៅបាន លោកត្រូវការការយល់ព្រម និងសំឡេងគាំទ្រពីជាងពាក់កណ្តាលនៃសភាទាំង ២ ដោយរួមមានព្រឹទ្ធសភា ដែលមានសមាជិកចំនួន ២៥០ រូប និងសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ៥០០ រូប។ នេះមានន័យថា គាត់ត្រូវតែទទួលបានសំឡេងយ៉ាងតិច ៣៧៦ ពីសភាទាំង ២ ឬយ៉ាងហោចណាស់អាចទាញការគាំទ្រពីសភាតំណាងរាស្ត្រឱ្យគ្រប់ ៣៧៦ សំឡេង ដើម្បីឈ្នះតំណែងនាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលថ្មីបាន។ ការជ្រើសរើសនាយករដ្ឋមន្ត្រីទំនងជានឹងត្រូវបានតាមដានយ៉ាងដិតដល់ដោយប្រជាជនថៃ ព្រោះវានឹងបង្ហាញថា តើសមាជិកសភាគោរពលើការបោះឆ្នោតរបស់ពួកគេដែរឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: