អន្តរជាតិ

ការ​សិក្សាមួយបានបង្ហាញថា អ្នក​លេង​បណ្ដាញ​សង្គម​ថៃភាគច្រើនចង់​ឃើញលោក Pita Limjaroenrat ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ទី៣០ របស់ប្រទេសថៃ

BY
autoadmin
July 13, 2023

ការ​សិក្សាផ្អែកលើ​​បណ្ដាញសង្គម​មួយបាន​រក​ឃើញ​ថា មហាជនអ្នក​លេង​បណ្ដាញ​សង្គម​ថៃ​ភាគ​ច្រើន​ចង់​ឃើញ​មេ​ដឹក​នាំ​គណបក្សឆ្ពោះទៅមុខលោក Pita Limjaroenrat ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ទី៣០ របស់​ប្រទេស​ថៃ។ ទិន្នន័យពី DXT:360 ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា អ្នក​លេង​បណ្ដាញ​សង្គម​ថៃមានការពិភាក្សាគ្នាច្រើន ជុំវិញការបោះឆ្នោតជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី ខណៈដែលលោក Pita គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីតែម្នាក់គត់។ DXT:360 គឺជាវេទិការបស់ Dataxet Co Ltd ដែលជាក្រុមហ៊ុនផ្តល់ការត្រួតពិនិត្យតាមប្រព័ន្ធផ្សព្វផ្សាយ និងការស្តាប់មតិ ទៅកាន់ទីផ្សារ និងអតិថិជន។

Dataxet បាននិយាយថា ការសិក្សានេះផ្តោតលើក្តីសង្ឃឹមរបស់អ្នកប្រើប្រាស់បណ្តាញសង្គមថៃ មុនពេលការបោះឆ្នោតរបស់សមាជិកសភាទាំង ២ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ ហើយការសិក្សានេះបានផ្តល់លទ្ធផលចំនួន ៦ ដូចជា៖

  • ៦៥.៧% ចង់ឃើញគណបក្សចម្រុះទាំង ៨ បង្កើតរដ្ឋាភិបាលថ្មីដោយជោគជ័យ ដោយមានលោក Pita ធ្វើជានាយករដ្ឋមន្ត្រី។
  • ២២.៤% កំពុងអំពាវនាវឱ្យសមាជិកព្រឹទ្ធសភាគោរពការចង់បានរបស់ប្រជាជន និងបំពេញកាតព្វកិច្ចដោយសេចក្តីថ្លៃថ្នូរ មុនពេលពួកគេត្រូវចាកចេញពីតំណែងក្នុងរយៈពេល ១ឆ្នាំ។
  • ៦.៩% ចង់ឱ្យសមាជិកសភាទាំងអស់ក្រៅពីក្រុមចម្រុះរបស់គណបក្សឆ្ពោះទៅមុខ បោះឆ្នោតឱ្យលោក Pita ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យអាចបន្តទៅមុខបាន។
  • ៣% ចង់ឱ្យគណបក្សឆ្ពោះទៅមុខដើរថយក្រោយមួយជំហាន នៅត្រង់ចំណុចដែលគណបក្សនេះបានសន្យាកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ជាថ្នូរនឹងការបោះឆ្នោតឱ្យលោក Pita។
  • ១% ចង់ឱ្យក្រុមចម្រុះទប់ទល់ និងអនុញ្ញាតឱ្យរដ្ឋាភិបាលចាស់ដែលនៅសេសសល់ អាចគ្រប់គ្រងប្រទេសរយៈពេល ១ឆ្នាំ រហូតដល់អាណត្តិសមាជិកព្រឹទ្ធសភាបច្ចុប្បន្នផុតកំណត់។
  • ១% ចង់ឱ្យការបោះឆ្នោតនាយករដ្ឋមន្ត្រីធ្វើឡើងជាបន្តបន្ទាប់ពេញ ១ឆ្នាំ ប្រសិនបើគ្មានបេក្ខភាពណាឈ្នះ រហូតដល់អាណត្តិរបស់ព្រឹទ្ធសភាបច្ចុប្បន្នផុតកំណត់។

Dataxet បាននិយាយថា ការសិក្សារបស់ខ្លួនក៏បានរកឃើញថា លោក Pita តែម្នាក់ឯងបានបង្កើតតម្លៃប្រព័ន្ធផ្សព្វផ្សាយនៅលើគេហទំព័រ និងទំព័របណ្ដាញសង្គមផ្សេងៗ ដែលមានតម្លៃរហូតដល់ ១.១៨៦ ពាន់លានបាត។ លោក Pita ក៏មានការ mention និង engagement នៅក្នុងបណ្ដាញសង្គម នៅក្នុងអំឡុងថ្ងៃទី០៥ ដល់ទី១២ ខែកក្កដា ច្រើនជាងមុន ៧៣.៤% ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: