អន្តរជាតិ

កូរ៉េខាងជើងអះអាងថា ខ្លួនទទួលបានជោគជ័យក្នុងការបាញ់មីស៊ីលផ្លោងអន្តរទ្វីបប្រភេទថ្មីចុងក្រោយមួយ ដែលមានសមត្ថភាពអាចផ្លោងក្នុងរយៈកម្ពស់រហូតដល់ ៦,៦៤៨គីឡូម៉ែត្រ

BY
Pheakdey
July 13, 2023

កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣​​ ខែកក្កដានេះបានអះអាងថា ខ្លួនទទួលបានជោគជ័យក្នុងការបាញ់សាកល្បងនូវមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយប្រភេទ ដែលជាអាវុធមានឥទ្ធិពលខ្លាំងនិងទំនើបបំផុតចុងក្រោយនៅលើពិភពលោក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មីស៊ីលដែលជាសមិទ្ធផលចុងក្រោយរបស់កូរ៉េខាងជើងនោះមានឈ្មោះថា Hwasong-18 ជាប្រភេទមីស៊ីលបាលីស្ទីកឥន្ធនៈរឹង ( Solid-fuel Ballistic Missile) និងមានសមត្ថភាពអាចផ្លោងបានក្នុងរយៈកម្ពស់រហូតដល់ ៦,៦៤៨គីឡូម៉ែត្រ។

គួររម្លឹកជូនថា កាលពីថ្ងៃពុធ ទី១២​ ខែកក្កដាម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ចេញពីតំបន់ឆ្នេរសមុទ្រខាងកើតរបស់ខ្លួន​ ដែលលជាគ្រាប់ទី ១២ សម្រាប់នៅក្នុងឆ្នាំ ២០២៣នេះផងដែរ។​ សូមបញ្ជាក់ជូនថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងហាក់មានរឿងចម្រូងចម្រាសមួយចំនួនជាមួយទីក្រុងវ៉ាស៊ីនតោន ដូចជាកូរ៉េខាងជើងបានថ្កោលទោសអាមេរិកដែលបានបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកមកកាន់ឧបទ្វីបកូរ៉េ និងបានព្រមានពីការកើតមានសង្គ្រាមនុយក្លេអ៊ែរ ហើយ​​​​​​​​​​​​​​​​​​​​​​​កូរ៉េខាងជើងក៏បានព្រមានបាញ់ទម្លាក់យន្តហោះយកការណ៍របស់អាមរិកដែលបានហោះកាត់ដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: