អន្តរជាតិ

ជំនន់ទឹកភ្លៀងនិងបញ្ហាបាក់ដី បានបណ្តាលឲ្យពលរដ្ឋកូរ៉េខាងត្បូង ៧នាក់បាត់បង់ជីវិត និងជាង ១ពាន់នាក់ផ្សេងទៀតត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
July 15, 2023

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋចំនួ​ន ៧នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងការបាក់ស្រុតដី ដែលបានកើតឡើងយ៉ាងឆាប់រហ័សនៅក្នុងខេត្ត North Chungcheong នៃប្រទេសកូរ៉េខាង្បូង​​​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកក្កដានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេល​នេះគឺនៅមានពលរដ្ឋចំនួន ៣នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈគេមិនរំពឹងថាពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងនោះអាចមានសំណាងនៅរស់មានជីវិតនោះទេ។

ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងមានអ្នកស្លាប់និងអ្នកបាត់ខ្លួនហើយក៏នៅមានពលរដ្ឋចំ​នួន ១,៥៦៧នាក់ផ្សេងទៀតបានសម្រេចចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនផងដែរ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ សូមបញ្ជក់ជូនថា ទឹកជំនន់និងការបាក់ដីខាងលើនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងជោគជាំចាប់តាំងពីថ្ងៃសុក្រ​មក ហើយរហូតមកទល់នឹងពេលនេះភ្លៀងនៅបន្តធ្លាក់នៅឡើយ ខណៈគេបានព្យាករណ៍ថាតំប​ន់រងគ្រោះខាងលើនេះនឹងត្រូវទទួលសម្ពាធទឹកភ្លៀងជាច្រើនថ្ងៃបន្ថែមទៀត និងអាចបង្កឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: