អន្តរជាតិ

ព្យុះភ្លៀងបានបណ្តាលឲ្យពលរដ្ឋកូរ៉េខាងត្បូង ៣៩នាក់បាត់បង់ជីវិត និង ៩នាក់កំពុងបាត់ខ្លួន

BY
Pheakdey
July 17, 2023

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋនៃប្រទេសកូរ៉េខាងត្បូងចំនួន ៣៩នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំនន់ទឹកភ្លៀងនិងការបាក់ដី នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដានេះ។ ជំនន់ទឹកភ្លៀងក៏បានជន់លិចផ្លូវរ៉ូងក្រោមដីមួយកន្លែងនៅក្នុងក្រុង Cheongju ខេត្ត North Chungcheong យ៉ាងធ្ងន់ធ្ងរផងដែរកាលថ្ងៃអាទិត្យម្សិលមិញនេះ ហើយអាជ្ញាធរកូរ៉េខាងត្បូងបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះរាប់រយអ្នកដើម្បីជួយពលរដ្ឋដែលជាប់នៅក្រោមផ្លូវរ៉ូងនោះ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយគិតត្រឹមពេលនេះគឺនៅមានពលរដ្ឋចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈគេមិនរំពឹងខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះទេ។ សូមរម្លឹកជូនថា ព្យុះភ្លៀងបានបង្កការគំរាមគំហែងនៅក្នុងទីតាំងកើតហេតុខាងលើនេះប្រហែលជាមួយសប្តាហ៍មកហើយ​ ខណៈឥទ្ធិពលនៃព្យុះភ្លៀងបានបង្កឲ្យមានទឹកជំនន់ និងការបាក់ស្រុតដីជាច្រើនកន្លែងយ៉ាងឆាប់រហ័សបំផុត។ គិតត្រឹមពេលនេះព្យុះភ្លៀងនៅមិនទាន់ថយឥទ្ធិពលនៅឡើយទេ ខណៈពលរដ្ឋមួយចំនួនក៏បានសម្រេចចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនផងដែរ ដើម្បីគេចេញពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

 

Share This Post: