ហុងកុងទាញសញ្ញាអាសន្នកម្រិត ៨ជាលើកដំបូង ក្រោយការមកដល់របស់ព្យុះទីហ្វុង Talim
- BY
- Pheakdey
- July 17, 2023
ហុងកុង៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា អាជ្ញាធរក្រុងហុងកុងបានទាញសញ្ញាអាសន្នមួយក្រោយការមកដល់របស់ព្យុះដ៏គ្រោះថ្នាក់មួយដែលមានឈ្មោះថា ព្យុះទីហ្វុង Talim។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានបញ្ជាក់ថា ការទាញសញ្ញាអាសន្នរបស់អាជ្ញាធរហុងកុងនៅពេលនេះ គឺជាសញ្ញាអាសន្នកម្រិត ៨ ហើយវាក៏ជាទាញសញ្ញាអាសន្នលើកទី ១ផងដែរសម្រាប់នៅក្នុងឆ្នាំ ២០២៣នេះ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហុងកុងបានបញ្ជាក់ថា ព្យុះទីហ្វុង Talim ត្រូវបានក្រុមអ្នកជំនាញព្យាករណ៍ថា ជាព្យុះដ៏គ្រោះថ្នាក់បំផុតកម្រិតទី ៣ ក្នុងចំណោមព្យុះកំណាចផ្សេងៗ ដែលធ្លាប់វាយប្រហារក្រុងហុងកុងនាពេលកន្លងមក។ នៅក្នុងរបាយការណ៍របស់អាជ្ញាធរក្រុងហុងកុងបានបញ្ជាក់ថា ព្យុះទីហ្វុង Talim នឹងធ្វើដំណើរក្នុងល្បឿន ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ នៅចំពោះមុខស្ថានភាពអាក្រក់នេះអាជីវកម្មមួយចំនួននៅក្នុងក្រុងហុងកុងត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈរថយន្តក្រុងសាធារណៈវិញក៏បានសម្រេចផ្អាកម៉ោងដំណើរការនៅពេលយប់ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋរងគ្រោះថ្នាក់ពីព្យុះមួយនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






