ប្រទេសន័រវេសព្រមានឲ្យក្រុមហ៊ុន Meta បង់ប្រាក់ពិន័យ ១០ម៉ឺនដុល្លារក្នុងមួយថ្ងៃចំពោះសកម្មភាពបំពានសិទ្ធអ្នកប្រើប្រាស់មួយនេះ
- BY
- Pheakdey
- July 18, 2023
ន័រវេស៖ អាជ្ញាធរន័រវេសគ្រោងនឹងចាត់វិធានការយ៉ាងតឹងរឹងមួយទៅកាន់ក្រុមហ៊ុន Meta ចំពោះសកម្មភាពដែលក្រុមហ៊ុនបានប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram ក្នុងគោលបំណងធ្វើការផ្សាយពាណិជ្ជកម្មផ្សេងៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអង្គារ ទី១៨ ខែកក្កដានេះ។ បើតាមទីភ្នាក់ងារការពារទិន្នន័យអ្នកប្រើប្រាស់បណ្តាញសង្គមន័រវេសបានបញ្ជាក់ថា នាពេលកន្លងក្រុមហ៊ុន Meta បានចាប់យកទីតាំងរបស់អ្នកប្រើប្រាស់បណ្តាញសង្គម មាតិការដែលពួកគេចូលចិត្ត និងការបង្ហោះរបស់ពួកគេមកធ្វើជាមូលដ្ឋានក្នុងការបញ្ចូនការផ្សាយពាណិជ្ជកម្មផ្សេងៗឲ្យត្រូវនឹងតម្រូវការរបស់ពួកគេ។
សម្រាប់អាជ្ញាធរន័រវេសបានចាត់ទុកថា សកម្មភាពរបស់ក្រុមហ៊ុន Meta គឺជាការបំពានទៅនឹងច្បាប់ពាណិជ្ជកម្ម និងសិទ្ធរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំង ហើយក្រុមហ៊ុនត្រូវតែកែសម្រួលឥរិយាបថនេះជាបន្ទាន់ផងដែរ។ នៅក្នុងសេចក្តីថ្លែងការមួយអាជ្ញាធរន័រវេសបានបញ្ជាក់ថា បើក្រុមហ៊ុន Meta មិនបញ្ឈប់សកម្មភាពរបស់ខ្លួននោះទេគឺជាអាជ្ញាធរន័រវេសនឹងធ្វើការពិន័យក្រុមហ៊ុនមួយនេះជាទឹកប្រាក់ចំនួន ១០០,០០០ ដុល្លារក្នុងមួយថ្ងៃ និងក្នុងករណីដែលក្រុមហ៊ុនមិនព្រមបង់ប្រាក់ថ្លៃពិន័យទៀតនោះ គឺអាជ្ញាធរន័រវេសអាចនឹងធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់បណ្តាញសង្គមរបស់ក្រុមហ៊ុនមួយនេះទាំងស្រុងតែម្តង។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ឃើញក្រុមហ៊ុន Meta ធ្វើការឆ្លើយតបយ៉ាងណានៅឡើយទេចំពោះការព្រមានរបស់អាជ្ញាធរន័រវេស៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






