អន្តរជាតិ

ឥទ្ធិពលព្យុះទីហ្វុង Talim បង្ខំឲ្យ​ពលរដ្ឋចិននិងវៀតណាម ២៦ម៉ឺននាក់ធ្វើការជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
July 18, 2023

ចិន៖ ពលរដ្ឋប្រមាណជា ២៦០,០០០នាក់ដែលកំពុងរស់នៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិននិងនៅក្នុងប្រទេសវៀតណាមត្រូវបានបណ្តាញសារព័ត៌ Channel News Asia រាយការណ៍នៅក្នុងថ្ងៃអង្គារ ទី១៨​​ ខែកក្កដានេះថា បានបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពពីព្យុះទីហ្វុង Talim។ បើតាមរដ្ឋបាលឧតុនិយមចិនបានបញ្ជាក់ថា ព្យុះទីហ្វុង Talim គឺជាព្យុះទី ៤ ដែលបានវាយប្រហារប្រទេសចិននៅក្នុងឆ្នាំ​ ២០២៣ ហើយព្យុះមួយនេះនឹងបោកបក់ឆ្លងកាត់ខេត្ត Guangdong ប្រទេសចិនក្នុងលឿន ១៣៦,៨ គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃព្យុះទីហ្វុង Talim នឹងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងការបាក់ដីយ៉ាងឆាប់រហ័សនៅតាមតំបន់ឆ្នេរសមុទ្រចាប់ពីខេត្ត Guangdong រហូតដល់ខេត្ត Hainan នៃប្រទេសចិន។ នៅចំពោះមុខបញ្ហានេះអាជ្ញាធរខេត្ត Guangdong បានណែនាំឲ្យពលរដ្ឋខ្លួនប្រមាណជា ២៣០,០០០នាក់ធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបណ្តោះអាសន្នសិន ខណៈក្រុមអ្នកនេសាទក្នុងសមុទ្រចំនួន ៨,០០០នាក់ត្រូវបានណែនាំឲ្យផ្អាកសកម្មភាពជាបណ្តោះអាសន្នសិនផងដែរ។ ឥទ្ធិពលរបស់ព្យុះក៏បានបង្កការគំរាមគំហែងដល់ខេត្ត Quang Ninh និងខេត្ត Hai Phong ក្នុងប្រទេសវៀតណាមផងដែរ ខណៈអាជ្ញាធរវៀតណាមក៏បានណែនាំឲ្យពលរដ្ឋនៅក្នុងខេត្តទាំង ២នេះចំនួន ៣០,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: