អន្តរជាតិ

បុរសម្នាក់លួចទៅធ្វើតេស្ត DNA ក្រោយឆ្ងល់កូនមានមុខមិនដូចខ្លួនហើយក៏បានដឹងថា កូននោះមិនមែនជាកូនបង្កើតរបស់គាត់ឡើយ ខណៈប្រពន្ធជាទីស្រលាញ់បានលួចផិតក្បត់គាត់យូរមកហើយ

BY
Pheakdey
July 19, 2023

ចិន៖ បុរសជនជាតិចិនម្នាក់បានជួបប្រទះនូវរឿងរ៉ាវដ៏ហួសចិត្តបំផុតមួយនៅក្នុងឆាកជីវិតរបស់គាត់ក្រោយគាត់បានរកឃើញថា ការពិតកូនប្រុសជាទីស្រលាញ់របស់គាត់មិនមែនជាកូនបង្កើតរបស់គាត់នោះទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃពុធ ទី១៩ ខែកក្កដានេះបានឲ្យដឹងថា រឿងចម្រូងចម្រាសនេះបានកើតឡើងនៅក្នុងទីក្រុង Nanchang​​ ខេត្ត Jiangxi ភាគខាងត្បូង ប្រទេសចិន ខណៈអត្តសញ្ញាណពិតប្រាកដរបស់បុរសកំសត់រូបនេះ និងស្រ្តីជាប្រពន្ធដែលបានផិតក្បត់គាត់នោះមិនត្រូវបានគេបង្ហាញសាធារណៈឡើយដើម្បីរក្សាកិត្តិយសជូនពួកគាត់។

ប្រភពខាងលើបានបន្តថា អាថ៌កំបាំងនៃរឿងរ៉ាវដ៏ហួសចិត្តខាងលើត្រូវបានបែកធ្លាយក្រោយបុរសជាប្តីកើតមានរឿងសង្ស័យធំៗចំនួន ២ចំណុច ដោយចំណុចទី ១ គឺកូនប្រុសដែលទើបនឹងកើតមកនោះមានមុខមាត់មិនដូចគាត់ទាល់តែសោះ និងចំណុចទី ២ គឺម្តាយក្មេករបស់គាត់បានព្យាយាមប្រាប់ឲ្យគាត់និងប្រពន្ធធ្វើការលែងលះគ្នាទាំងស្រ្តីជាប្រពន្ធទើបតែសម្រាលកូន។ ដើម្បីជម្រះមន្ទិលនៅក្នុងចិត្ត បុរសជាប្តីបានលួចទៅពិនិត្យ DNA របស់ទារក និង DNA របស់គាត់ ហើយលទ្ធផលតេស្តបានបង្ហាញថា កូនប្រុសនោះមិនមែនជាកូនបង្កើតរបស់គាត់ឡើយ។

ក្រោយទទួលបានលទ្ធផលតេស្តផ្លូវការហើយ បុរសជាប្តីបានយករឿងនេះទៅជជែកជាមួយប្រពន្ធនិងឪពុកម្តាយខាងប្រពន្ធ ហើយគាត់ក៏បានដឹងនូវរឿងរ៉ាវហួសចិត្តមួយបន្ថែមទៀត គឺប្រពន្ធរបស់គាត់បានលួចមានទំនាក់ទំនងស្នេហាជាមួយបុរសជាអ្នកមានម្នាក់យូរមកហើយ ខណៈបុរសជាអ្នកមាននោះក៏មានប្រពន្ធរួចហើយដែរ ខណៈឪពុកម្តាយក្មេករបស់គាត់ក៏បានដឹងរឿងនេះដែរ។ ក្រោយលួចមានទំនាក់ទំនងស្នេហាជាមួយបុរសអ្នកមាន ស្រ្តីជាប្រពន្ធរបស់បុរសកំសត់ក៏មានផ្ទៃពោះ ដោយកូននោះគឺជាកូនរបស់បុរសអ្នកមាននោះតែម្តង។ ប្រភពខាងលើបានបន្តថា ប្រពន្ធរបស់បុរសអ្នកមានក៏បានដឹងរឿងរ៉ាវផិតក្បត់នេះដែរ ហើយគាត់ធ្លាប់ទាំងបានផ្តល់ប្រាក់យ៉ាងច្រើនទៅកាន់ស្រ្តីជាប្រពន្ធរបស់បុរសកំសត់ ដើម្បីឲ្យនាងទៅយកកូនប្រុសនោះចេញនិងឈប់ទាក់ទងជាមួយប្តីគាត់ទៀត។ យ៉ាងណាក្តី ស្រ្តីជាប្រពន្ធរបស់បុរសកំសត់មិនបានធ្វើការរំលូតកូននោះឡើយរហូតដល់រឿងរ៉ាវត្រូវបានបែកធ្លាយ ខណៈពេលនេះអាជ្ញាធរចិនកំពុងដោះស្រាយបញ្ហានេះទៅតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនបុរសកំសត់ដែលជាជនរងគ្រោះគួរឲ្យអាណិតបំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

 

Share This Post: