ផ្ទុះការរិះគន់ពេញបណ្តាញសង្គមឥណ្ឌូនេស៊ី ក្រោយស្រ្តី ២នាក់បានរៀបចំពិធីមង្គលការឲ្យសត្វឆ្កែដោយចំណាយប្រាក់រហូតដល់ជាង ១៣,០០០ដុល្លារ
- BY
- Pheakdey
- July 21, 2023
ឥណ្ឌូនេស៊ី៖ ស្រ្តីជនជតិម៉ាឡេស៊ីចំនួន ២នាក់បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយពួកគាត់បានរៀបចំពិធីមង្គលការដ៏ឱឡារិកមួយសម្រាប់សត្វឆ្កែរបស់ពួកគាត់ ដោយបានចំណាយប្រាក់រហូតដល់ ២០០ លានរូពី ឬស្មើនឹង ១៣,៣១០ ដុល្លារអាមេរិក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ពិធីមង្គលការសត្វឆ្កែដ៏កម្រនេះត្រូវបានរៀបចំឡើងនៅក្នុងហាងមួយកន្លែងក្នុងទីក្រុងចាកាតា រដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី ខណៈពិធីមង្គការនោះត្រូវបានរៀបចំឡើងតាមបែបប្រពៃណីឥណ្ឌូនេស៊ីទៀតផង។

នៅក្នុងពិធីមង្គលការនោះក៏មានការចូលពីសំណាក់សាច់ញាតិរបស់ម្ចាស់ឆ្កែមួយចំនួនផងដែរ ពោលគឺវាដូចគ្នាទៅនឹងពិធីមង្គលរបស់មនុស្សធម្មតាអីចឹងដែរ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌូនេស៊ីបាននាំគ្នារិះគន់ថា ទង្វើរបស់ស្រ្តីជាម្ចាស់ឆ្កែទាំង ២រូបនេះមិនសមរម្យទាល់តែសោះ ដោយគាត់បានយកប្រពៃណីដ៏ល្អផូរផង់របស់មនុស្សទៅប្រើប្រាស់ជាមួយនិងសត្វឆ្កែ។ អ្នកខ្លះបានរិះគន់ចំពោះឥរិយាបថអួតសម្ញែងទ្រព្យសម្បត្តិជ្រុលហួសហេតុរបស់ពួកគាត់ ដ្បិតគ្រាន់តែរៀបការឲ្យសត្វឆ្កែសោះពួកគាត់ត្រូវចំណាយប្រាក់រហូតដល់ជាង ១៣,០០០ ដុល្លារ ខណៈយោងទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនាពេលបច្ចុប្បន្ននេះមនុស្សមួយចំនួនគ្មានទាំងប្រាក់ ១០,០០០ ដុល្លារសម្រាប់រៀបចំពិធីមង្គលការខ្លួនឯងផង។ ក្រោយផ្ទុះការរិះគន់ ស្រ្តីជាម្ចាស់ឆ្កែទាំង ២នាក់បានចេញមកធ្វើការសុំទោសជាសាធារណៈ ហើយសម្រាប់លោកអ្នកវិញតើយល់ឃើញយ៉ាងណាដែរចំពោះករណីខាងលើនេះ?

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






