វៀតណាមបានអនុម័តវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូក (ASF) ជាលើកដំបូងបំផុតរបស់ពិភពលោក
- BY
- autoadmin
- July 25, 2023
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) ទើបតែបានចេញឯកសារណែនាំអំពីការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅទូទាំងប្រទេស បន្ទាប់ពីវ៉ាក់សាំងចំនួន២ គឺ NAVET-ASFVAC និង AVAC ASF LIVE ត្រូវបានអនុម័តជាផ្លូវការ។ ឯកសារដែលបានផ្ញើទៅគណៈកម្មាធិការប្រជាជនខេត្ត និងក្រុងបាននិយាយថា ពួកគេអាចប្រើប្រាស់វ៉ាក់សាំងដោយផ្អែកលើស្ថានភាពជំងឺក្នុងតំបន់ ហើយនឹងវាយតម្លៃប្រសិទ្ធភាពបន្ទាប់ពីការចាក់វ៉ាក់សាំង។ ជម្រាបដែរថា ក្នុងរយៈពេលជាង ១០០ ឆ្នាំមកនេះ មិនមានវ៉ាក់សាំងប្រឆាំងនឹងជំងឺ ASF ណាមួយនៅលើពិភពលោក ត្រូវបានផ្ដល់អាជ្ញាប័ណ្ណនោះទេ។

មុនពេលមានការអនុម័តនេះ កម្មវិធីសាកល្បងមួយត្រូវបានធ្វើឡើងជាមួយនឹងការចាក់វ៉ាក់សាំងជាង ៦០០,០០០ ដូស ដែលត្រូវបានផ្ដល់ជូននៅក្នុងកសិដ្ឋានទូទាំងប្រទេសវៀតណាម។ លទ្ធផលក្នុងខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា ជ្រូកដែលទទួលថ្នាំបង្ការគឺមានសុខភាពល្អ ហើយជាង ៩៥% មានអង់ទីគ័រខ្ពស់។ ការវាយតម្លៃឯករាជ្យដោយគណៈប្រតិភូ USDA (ក្រសួងកសិកម្មសហរដ្ឋអាមេរិក) ដែលធ្វើឡើងក្នុងខែមេសា ដល់ខែឧសភា ឆ្នាំ២០២៣ ក៏បានបញ្ជាក់ពីលទ្ធផលនៃការស្រាវជ្រាវ និងផលិតវ៉ាក់សាំងពីភាគីវៀតណាមផងដែរ។ ការវាយតម្លៃបង្ហាញថា វ៉ាក់សាំង ASF ផលិតនៅវៀតណាមត្រូវនឹងស្តង់ដារអន្តរជាតិ រួមទាំងវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ និងដាក់ជូនអង្គការពិភពលោកសម្រាប់សុខភាពសត្វ (WOAH)៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






