អន្តរជាតិ

រលកកម្តៅ ៤៨អង្សាសេបង្កឲ្យមានភ្លើងឆេះព្រៃយ៉ាងខ្លាំងនៅអាល់ហ្សេរី និងបណ្តាលឲ្យមនុស្ស ៣៤នាក់បាត់បង់ជីវិត

BY
Pheakdey
July 25, 2023

អាល់ហ្សេរី៖ ប្រទេសអាល់ហ្សេរីកំពុងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ។ គិតត្រឹមពេលនេះបញ្ហាភ្លើងឆេះព្រៃបានកើតមាននៅលើតំបន់ព្រៃចំនួន ៩៧កន្លែង ដែលស្ថិតនៅក្នុងខេត្តចំនួន ១៦ផ្សេងគ្នានៅទូទាំងប្រទេសអាល់ហ្សេរី ដែលជាប្រទេសសម្បូរព្រៃមួយនៅតំបន់អាហ្វ្រិកខាងជើង។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាល់ហ្សេរីបានបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃបានបណ្តាលឲ្យមានពលរដ្ឋចំនួន ៣៤នាក់ស្លាប់បាត់បង់ជីវិត ដោយក្នុងនោះមានជនរងគ្រោះចំនួន ១០នាក់គឺជាទាហ៊ានដែលត្រូវមានភារកិច្ចនៅក្នុងតំបន់កើតហេតុនោះផងដែរ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ អាជ្ញាធរអាល់ហ្សេរីក៏បានណែនាំឲ្យពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិន ដើម្បីការពារសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនថា បញ្ហាភ្លើងឆេះព្រៃខាងលើនេះបានកើតឡើងដោយសារតែរលកកម្តៅ ពោលគឺបានកើតឡើងក្រោយសីតុណ្ហភាពនៅក្នុងប្រទេសអាល់ហ្សេរីបានកើនឡើងរហូតដល់ ៤៨អង្សាសេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: