“ស្ទឹងសែនបារីស” ត្រូវបានបើកឲ្យពលរដ្ឋចុះហែលទឹកឡើងវិញ ក្រោយបិទអស់រយៈពេល ១០០ឆ្នាំ
- BY
- Pheakdey
- July 26, 2023
បារាំង៖ អាជ្ញាធរបារាំងនឹងបើកឲ្យពលរដ្ឋអាចចុះហែលទឹកលេងនៅក្នុងស្ទឹងសែន (Seine)បានឡើងវិញក្រោយបិទអស់រយៈពេល ១០០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC។ នាពេលកន្លងមក ស្ទឹងសែនដែលជាអាងស្តុកទឹកដ៏សំខាន់មួយនៅក្នុងទីក្រុងបារីសនោះត្រូវបានផ្អាកមិនឲ្យពលរដ្ឋចុះហែលទឹកលេងនោះទេក្រោមហេតុផលថា ទឹកស្ទឹងមានផ្ទុកនូវសារធាតុកខ្វក់និងបាក់តេរីដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពបាន។
យ៉ាងណាក្តី ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះអាជ្ញាធរបារាំងបានខិតខំធ្វើការសំអាតទឹកស្ទឹងមួយនេះជាបន្តបន្ទាប់ រហូតដល់តំបន់ខ្លះនៃស្ទឹងសែនត្រូវបានគេយកប្រើប្រាស់ជាកន្លែងប្រកួតហែលទឹកក្នុងព្រឹត្តិការណ៍កីឡាធំៗមួយចំនួនទៀតផង។ ដោយមើលឃើញថា អត្តពលិកអាចហែលទឹកបានដោយសុវត្ថិភាពនោះ ក្រុមពលរដ្ឋក៏ផ្តើមមានគំនិតចង់ចុះទៅហែលទឹកស្ទឹងលេងផងដែរ ហើយថ្មីៗនេះអាជ្ញាធរបារាំងក៏សម្រេចបើកឲ្យពលរដ្ឋអាចចុះទៅហែលទឹកស្ទឹងបានវិញតែម្តង។ យ៉ាងណាក្តី ការបើកឲ្យពលរដ្ឋអាចចុះទៅហែលទឹកស្ទឹងសែនបាននោះគឺមិនមែនបើកឲ្យហែលគ្រប់ទីកន្លែងនោះទេ តែអាជ្ញាធរបារាំងបានកំណត់ឲ្យមានកន្លែងហែលទឹកចំនួន ៣កន្លែងប៉ុណ្ណោះ ខណៈស្ទឹងសែនមានប្រវែងសរុបរហូតដល់ ៧៧៧ គីឡូម៉ែត្រ៕
តំបន់អនុញ្ញាតឲ្យមានការហែលទឹកនៅតាមដងស្ទឹងសែន
អត្ថបទ៖ ភក្តី
ប្រភព៖BBC
- Share This Post:






