ថៃរៀបចំឲ្យមានថ្ងៃឈប់សម្រាកថ្នាក់ជាតិដល់ទៅ ៦ថ្ងៃជាប់គ្នានៅចុងខែនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ
- BY
- Pheakdey
- July 26, 2023
ថៃ៖ គណៈរដ្ឋមន្ត្រីនៃប្រទេសថៃបានសម្រេចបន្ថែមឲ្យមានថ្ងៃឈប់សម្រាកថ្នាក់ជាតិមួយថ្ងៃទៀតនៅថ្ងៃទី ៣១ ខែកក្កដាក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដានេះ។ ការសម្រេចបន្ថែមថ្ងៃឈប់សម្រាកមួយថ្ងៃទៀតនេះនឹងអនុញ្ញាតឲ្យប្រទេសថៃមានថ្ងៃឈប់សម្រាករហូតដល់ ៦ថ្ងៃជាប់គ្នា ដោយគិតចាប់ពីថ្ងៃទី ២៨ ខែកក្កដា រហូតដល់ថ្ងៃទី ២ សីហាក្នុងឆ្នាំ ២០២៣នេះ។

បើតាមអាជ្ញាធរថៃបានដាក់ការរំពឹងទុកថា ការឈប់សម្រាកក្នុងរយៈពេលដ៏យូរនេះនឹងជម្រុញឲ្យមានសកម្មភាពទេសចរណ៍យ៉ាងច្រើនកុះករនៅតាមទីរមនីយដ្ឋានសំខាន់ៗទូទាំងប្រទេសថៃពីសំណាក់ពលរដ្ឋនៅក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផងដែរ។ គួរបញ្ជាក់ជូនថា ជាធម្មតាថៃតែងរៀបចំឲ្យមានថ្ងៃឈប់សម្រាក ឬព្រឹត្តិការណ៍កំសាន្តផ្សេងៗឲ្យបានច្រើនដើម្បីជំរុញវិស័យទេសចរណ៍ ដ្បិតវិស័យមួយនេះគឺជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចជាតិថៃ ខណៈប្រទេសមួយចំនួនបើមានថ្ងៃឈប់សម្រាកកាន់តែច្រើនគឺជាការខាតបង់សេដ្ឋកិច្ចច្រើនទៅវិញ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






